អ៊ីរ៉ង់នឹងឆ្លើយតបទៅអ៊ីស្រាអែលវិញ ជុំវិញការ វាយប្រហារលើទីក្រុង Beirutខណៈការចរចាគ្នា ជាមួយនឹងអាមេរិក នៅបន្តនៅឡើយ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតប ប្រសិនបើអ៊ីស្រាអែល វាយប្រហារទីក្រុង Beirut ដោយនិយាយថា ទីក្រុងតេហរ៉ង់បានជូនដំណឹងដល់ភាគីទាំងអស់ថា ខ្លួននឹងមិនអត់ធ្មត់ ចំពោះការវាយលុកលើរដ្ឋធានីលីបង់ ហើយទង្វើបែបនេះអាចបង្កឱ្យ មានសង្គ្រាមឡើងវិញផង។
នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយ ដោយទូរទស្សន៍លីបង់ Al Mayadeen កាលពីថ្ងៃពុធ លោក Araghchi បាននិយាយថា កងកម្លាំងប្រដាប់អាវុធ របស់អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប និងនៅតែត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារអ៊ីស្រាអែល ប្រសិនបើទីក្រុង Beirut រងការវាយប្រហារ។
លោក Araghchi បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើបទឈប់បាញ់ទាំងនៅអ៊ីរ៉ង់ និងលីបង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបន្ថែមថា អ៊ីរ៉ង់ចាត់ទុកជោគវាសនារបស់ប្រទេសលីបង់ និងអ៊ីរ៉ង់មិនអាចបំបែកបាននៅក្នុងជម្លោះបច្ចុប្បន្ន ហើយបទឈប់បាញ់ ឬដំណោះស្រាយណាមួយត្រូវតែគ្របដណ្តប់ប្រទេសទាំងពីរ។
លោកបាននិយាយថា ការទំនាក់ទំនងរវាងទីក្រុងតេហរ៉ង់ និងវ៉ាស៊ីនតោនបានបន្តតាមរយៈសារផ្លាស់ប្តូរគ្នា ទោះបីជាមិនមានការរីកចំរើនធំដុំណាមួយត្រូវបានធ្វើឡើងក៏ដោយ។ លោកបានបន្ថែមថា ភាគីទាំងពីរកំពុងពិនិត្យមើលអត្ថបទដែលបានផ្លាស់ប្តូរ និងធ្វើការឆ្ពោះទៅរកការបង្កើតចុងក្រោយ។
គួរឲ្យដឹងដែរថាក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានផ្លាស់ប្តូរផែនការដែលបានស្នើឡើងជាច្រើន ដែលបង្ហាញពីលក្ខខណ្ឌ សម្រាប់សន្តិភាព តាមរយៈការសម្រុះសម្រួល របស់ប៉ាគីស្ថាន ហើយកំពុងធ្វើការដើម្បីបញ្ចប់អនុស្សរណៈយោគយល់គ្នា សំដៅបញ្ចប់សង្រ្គាម៕
ប្រែសម្រួល៖ស៊ុនលី
