ចិន រីករាយសហការ ជាមួយកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកនូវ «ទសវត្សរ៍មាស»
ភ្នំពេញ ៖ ភាគីចិន បានរីករាយក្នុងការសហការគ្នាជាមួយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកនូវ «ទសវត្សរ៍មាស» ថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀង មូលនិធិពិសេស សម្រាប់ភាគីកម្ពុជា លើគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៦ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។
ចំនួនគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងចិន-កម្ពុជា បានឈានដល់ចំនួន ១១៣ គម្រោង ដែលគ្របដណ្តប់លើវិស័យជាច្រើនមានដូចជា ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល កសិកម្ម ការអភិវឌ្ឍបៃតង និងការផ្លាស់ប្តូរឌីជីថល ដែលបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនាមិត្តភាពរបស់ប្រទេសឡានឆាង-មេគង្គ ក្រោមពាក្យស្លោកមួយពោលថា «ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ»។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសឡានឆាង-មេគង្គទាំងប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គសម្រេចបានលទ្ធផលផ្លែផ្កា និងបានក្លាយជា «វេទិកាមាស» សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោកទូត ថា «ភាគីចិនរីករាយក្នុងការសហការគ្នាជាមួយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកនូវ«ទសវត្សរ៍មាស» ថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជននៃប្រទេសទាំងប្រាំមួយ។ យើងខ្ញុំស្វាគមន៍មិត្តភក្តិកាន់តែច្រើន ដើម្បីចូលរួមក្នុងបុព្វហេតុកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ»។

សូមរំលឹកថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ចំនួន៧ មានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក៕



