អាមេរិក និងអ៊ីរ៉ង់ នឹងរួមគ្នាជីកយកសម្ភារៈនុយក្លេអ៊ែរ ដែលកប់ក្រោមដីដោយសារសង្គ្រាម
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចចរចាជាមួយអ៊ីរ៉ង់ កំពុងដំណើរការទៅ ដោយរលូន ហើយគិតត្រឹមពេលនេះ ទីក្រុងតេអេរ៉ង់ បានយល់ព្រមអនុញ្ញាតឱ្យបុគ្គលិកអាមេរិក ដោយមានកិច្ចសហការជាមួយអាជ្ញាធរអ៊ីរ៉ង់ ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ និងស្វែងរកសម្ភារៈនុយក្លេអ៊ែរដែលកប់ក្រោមដី នៅពេលដែលសង្គ្រាមបញ្ចប់។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «វាពិបាកណាស់ក្នុងការទទួលបានវា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់សម្រេចបានវា» នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាកងារសារព័ត៌មាន ចិនស៊ិនហួ។
ទោះបីជាមានការវាយប្រហារថ្មីៗនៅក្នុងតំបន់ក៏ដោយ លោកបានលើកឡើងថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលចូលជាធរមាននៅដើមខែមេសា នៅតែមាន សុពលភាព ដោយបង្ហាញថា វាអាចទៅរួចដែលកិច្ចព្រមព្រៀង បណ្តោះអាសន្នអាចសម្រេចបាន «នៅចុងសប្តាហ៍នេះ» ខណៈដែលកិច្ចចរចា ដែលកំពុងដំណើរការ កំពុងមានភាពរីកចម្រើន។
ប្រធានាធិបតីអាមេរិករូបនេះបានបន្ដថា «ការចរចាបានដំណើរការទៅដោយរលូន – តាមពិតទៅ ល្អណាស់ – ទោះបីជាវាកើតឡើង ក៏ដោយ ហើយវាប្រហែលជាមិនកើតឡើងទេ ប៉ុន្តែប្រសិនបើវាកើតឡើង វាអាចកើតឡើង ដូចជានៅចុងសប្តាហ៍នេះ»។ លោកបានបន្ថែមថា «បទឈប់បាញ់នៅទីនោះ គឺខុសគ្នាឆ្ងាយពីបទឈប់បាញ់ នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក»។ «អ្នកដឹងទេ ខ្ញុំចង់និយាយថា នៅក្នុងតំបន់នោះនៃពិភពលោក បទឈប់បាញ់ គឺនៅពេលដែលអ្នកកំពុងបាញ់ប្រហារក្នុងលក្ខណៈមធ្យមជាងនេះ»។
ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ បានអះអាងថា មន្ត្រីអ៊ីរ៉ង់ «បានផ្លាស់ប្តូរគំនិតរបស់ពួកគេពីរបីដង ប៉ុន្តែដូចដែលវាកំពុងកើតឡើងនៅពេលនេះ យើងនឹងចូលទៅដល់នៅពេលណាមួយក្នុងពេលឆាប់ៗនេះ»។ គួរបញ្ជាក់ថា កងកម្លាំងកងទ័ពជើងទឹកអ៊ីរ៉ង់ បានកំណត់គោលដៅ «មជ្ឈមណ្ឌលបញ្ជា» លើនាវាពិឃាតរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ដើម្បីឆ្លើយតបទៅនឹង «ការរំលោភលើបទប្បញ្ញត្តិ» របស់សហរដ្ឋអាមេរិកនៃច្រកសមុទ្រហ័រមូស និងសកម្មភាពអរិភាព របស់ខ្លួនប្រឆាំងនឹងនាវាអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា
