ព័ត៌មានអន្តរជាតិ

សាហាវណាស់! កងកម្លាំងអ៊ីស្រាអែល សម្លាប់ទារកជនជាតិប៉ាឡេស្ទីនម្នាក់ អាយុត្រឹម ៧ខែ នៅតំបន់ West Bank

រ៉ាម៉ាឡា ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ទារកប៉ាឡេស្ទីនអាយុ ៧ខែម្នាក់ បានស្លាប់ដោយសាររបួសរបស់រូបគេកាលពីថ្ងៃសុក្រ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារ លើរថយន្តរបស់គ្រួសារទារកម្នាក់នេះ នៅក្នុងទីក្រុងហេប្រុន នៅភាគខាងត្បូងតំបន់ West Bank។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទារកដែលត្រូវបានគេស្គាល់ថាឈ្មោះ Sam Fahd Abu Haikal បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បាញ់ប្រហារលើរថយន្តនៅក្នុងតំបន់ Tel Rumeida ភាគខាងត្បូងទីក្រុងហេប្រុន ហើយក្រោយមកត្រូវបានប្រកាសថា ស្លាប់នៅមន្ទីរពេទ្យ ហើយម្តាយ និងឪពុករបស់រូបគេ ក៏បានរងរបួសផងដែរ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ឪពុករបស់ទារកម្នាក់នេះគឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Bethlehem ហើយលោករស់នៅជាមួយប្រពន្ធ និងកូនប្រុសរបស់លោកនៅ Bethlehem ដែលតំបន់មួយស្ថិតនៅភាគខាងត្បូងតំបន់ West Bank ផងដែរ។

ប្រភពពី WAFA បានឲ្យដឹងថា ក្រុមគ្រួសារនេះកំពុងធ្វើដំណើរ ទៅលេងផ្ទះសាច់ញាតិម្នាក់នៅកណ្តាលទីក្រុងហេប្រុន នៅពេលដែលការបាញ់ ប្រហារបានកើតឡើង។ បន្ទាប់ពីហេតុការណ៍នេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ក្នុងអំឡុងពេលសកម្មភាពប្រតិបត្តិការនៅក្នុងតំបន់ហេប្រុន ទាហាន IDF បានប្រទះឃើញរថយន្តមួយគ្រឿង កំពុងបង្កើនល្បឿនមករកពួកគេ”។

កងកម្លាំងនេះបានឲ្យដឹងថា “ទាហាន IDF ម្នាក់បានឆ្លើយតបដោយការបាញ់មួយគ្រាប់ ទៅលើរថយន្តនោះ។ ជាលទ្ធផល ជនជាតិប៉ាឡេស្ទីនបីនាក់ បានរងរបួស និងត្រូវបានជម្លៀសចេញ ដើម្បីទទួលការព្យាបាល” ដោយបន្ថែមថា ការស៊ើបអង្កេតដំបូងបានរកឃើញថា អ្នករងរបួសទាំងនោះគឺជា “ជនស៊ីវិល ដែលមិនពាក់ព័ន្ធ” ហើយហេតុការណ៍នេះ កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ៕

To Top