សភាជប៉ុន អនុម័តថវិកា បន្ថែមជាង ៣ ទ្រីលានយ៉េន សម្រាប់ឆ្នាំសារពើពន្ធ ២០២៦
តូក្យូ៖ សភាជប៉ុនបានអនុម័តថវិកាបន្ថែមចំនួន ៣,១១ ទ្រីលានយ៉េន (ប្រហែល ១៩ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ នៃតម្លៃថាមពលខ្ពស់ ចំពេលមានជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
សេចក្តីព្រាងច្បាប់សម្រាប់ការចំណាយបន្ថែម ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ របស់សភាជាន់ខ្ពស់ដោយការបោះឆ្នោតភាគច្រើន ដោយមានការគាំទ្រពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច និងសម្ព័ន្ធមិត្តតូចៗរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន ក៏ដូចជាការគាំទ្រមួយចំនួនពីគណបក្សប្រឆាំង ។
សភាតំណាងរាស្ត្រ ដែលជាសភាជាន់ទាប បានអនុម័តសេចក្តីព្រាង ថវិកាកាលពីថ្ងៃមុន។ ថវិកាបន្ថែម ដែលជាធម្មតា ត្រូវបានចងក្រងនៅពេលក្រោយ ក្នុងឆ្នាំសារពើពន្ធនីមួយៗ បានកើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីថវិកាឆ្នាំសារពើពន្ធ ២០២៦ ដំបូងត្រូវបានអនុម័តនៅក្នុងខែមេសា។
ក្នុងចំណោមការចំណាយទូទៅ ថវិកា ចំនួន ២.៥ ទ្រីលានយ៉េននឹងត្រូវប្រើប្រាស់ទៅក្នុងមូលនិធិបម្រុងថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្លៃថាមពល និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងស្ថានភាពមជ្ឈិមបូព៌ា ខណៈដែលថវិកាចំនួន ១០០ ពាន់លានយ៉េននឹងត្រូវផ្តល់ទៅឱ្យក្រុងនានា ដើម្បីប្រើប្រាស់តាមការសំរេចចិត្ត របស់ពួកគេ ដូចជាការឧបត្ថម្ភធនសម្រាប់គ្រួសារដែលប្រើប្រាស់ឧស្ម័នប្រេងរាវ និងអាជីវកម្មដែលប្រើប្រាស់អគ្គិសនី វ៉ុលខ្ពស់ខ្លាំង។
ថវិកាចំនួន ៥១៣.៥ ពាន់លានយ៉េនទៀតត្រូវបានបែងចែកសម្រាប់ការឧបត្ថម្ភធនអគ្គិសនី និងឧស្ម័នចាប់ពីខែកក្កដាដល់ខែកញ្ញា ដើម្បីជួយគ្រួសារនានាបង់ថ្លៃថាមពលដែលកើនឡើងនៅរដូវក្តៅនេះ នៅពេលដែលតម្រូវការសម្រាប់ម៉ាស៊ីនត្រជាក់កើនឡើង។ ដំបូងឡើយ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានបដិសេធចំពោះតម្រូវការសម្រាប់ថវិកាបន្ថែម ដោយខ្លាចថាការចេញបន្ថែមនៃមូលបត្របំណុលដើម្បីផ្តល់ហិរញ្ញប្បទានដល់វាអាចជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះបន្ថែមទៀតនៃសុខភាពសារពើពន្ធរបស់ប្រទេស និងជំរុញឱ្យអត្រាការប្រាក់កាន់តែខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា
