លោក ង៉ែត សុខន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់ស្រុកទឹកផុស និងស្រុកក្រគរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ង៉ែត សុខន អគ្គនាយករង អគ្គិសនីកម្ពុជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ ចុះជួយស្រុកក្រគរ និង ស្រុកកណ្តៀងបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ង៉ែត សុខនអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, លោកលោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ, គណៈកម្មាធិការគណបក្សឃុំទាំង១១ នៃស្រុកក្រគរ និងសាខាបក្សភូមិសរុប ១៩២ រូប។

ជាកិច្ចចាប់ផ្ដើមនៃពិធីផ្សព្វផ្សាយ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ បានអានសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សដែលបានដាក់ចេញ។ ជាមួយគ្នានោះផងដែរ លោក ទឹម សារិន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ បានធ្វើបទបង្ហាញស្ដីពីផែនការលម្អិតឆ្ពោះទៅកាន់ការបោះឆ្នោតជើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជូនដល់ក្រុមការងារគណបក្សចុះគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យបានយល់ច្បាស់ និងអាចយកទៅអនុវត្តទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។


បន្ទាប់ពីបានស្ដាប់ការអានសេចក្ដីសម្រេច និងការធ្វើបទបង្ហាញរួចមក លោក ង៉ែត សុខន បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ ទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចយ៉ាងល្អប្រសើរនាពេលកន្លងមក ជាពិសេសលើការងារចិញ្ចឹមចលនាបក្ស ដែលធ្វើឱ្យចំនួនសមាជិកគណបក្សកើនឡើងជាលំដាប់។ ក្នុងឱកាសនោះផងដែរ លោកប្រធាន បានគូសបញ្ជាក់ជូនអង្គពិធីអំពីកត្តាចម្បងៗមួយចំនួន ដែលធ្វើឱ្យគណបក្សមានភាពរឹងមាំ មានប្រជាប្រិយភាព និងទទួលជ័យជម្នះក្នុងការបោះឆ្នោតគ្រប់ៗអាណត្តិ។ ជាចុងក្រោយ លោកប្រធាន បានចង្អុលបង្ហាញដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការដែលមានក្នុងសេចក្ដីសម្រេចនេះ ទៅរៀបចំជាផែនការសកម្មភាពឱ្យបានច្បាស់លាស់ ស្របតាមក្របខ័ណ្ឌពេលវេលា និងធនធានជាក់ស្ដែង សំដៅអនុវត្តឱ្យទទួលបានជោគជ័យ ដោយការទទួលបានចំនួនអាសនៈ លើសចំនួនអាសនៈដែលមានបច្ចុប្បន្ន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នាពេលខាងមុខនេះ។
អត្ថបទនេះ ÷ ខេម៉ា | ដើមអម្ពិល
