លោក ដូណាល់ ត្រាំ ថា លោកនឹង ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កុំឲ្យបាញ់ប្រហារតបតវិញ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើន គ្រាប់ទៅលើគោលដៅអ៊ីស្រាអែល
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ កុំឲ្យវាយប្រហារ តបតវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយ ប្រហារនៅជាយក្រុងបេរូត , នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បាននិយាយជាយូរមកហើយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិក នឹងអាស្រ័យលើបទឈប់បាញ់ដែលធ្វើឡើងនៅក្នុងប្រទេសលីបង់ ដែលអ៊ីស្រាអែលក៏បានឈ្លានពានកាលពីខែមីនា ដើម្បីតាមប្រមាញ់ក្រុមឧទ្ទាមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយទីក្រុងតេហេរ៉ង់។
ប៉ុន្តែយ៉ាងណាក៏ដោយ អ៊ីស្រាអែលកាលពីព្រឹកថ្ងៃអាទិត្យ បានបើកការវាយប្រហារនៅតំបន់បេរូតជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាសផែនការឈប់បាញ់សម្រាប់ប្រទេសលីបង់កាលពីសប្តាហ៍មុន។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសរ៉ាម៉ាត ដេវីដ ដែលនៅជិតណាសារ៉ែត។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយប្រព័ន្ធការពាររបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងនោះ៕
ប្រែសម្រួលៈ ណៃ តុលា
