សម្តេចតេជោ ៖ ការប្រើប្រាស់កម្លាំង នឹងធ្វើឱ្យមានផលវិបាក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានពន្យល់ថា កម្ពុជាមិនប្រើប្រាស់កម្លាំងដើម្បីវាយប្រហារលើយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះកាលណាប្រើនឹងមានផលវិបាក ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាមានប្រសាសន៍ថា ភាគីថៃនឹងគោរពទៅតាមកិច្ចព្រមព្រៀងនៅចំណុច៣នៃបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥កន្លងមក ។
សម្តេចតេជោមានប្រសាសន៍បន្តថា ចំពោះកម្មភាពយោធាថៃកំពុងបន្តរំលោភដែនដីកម្ពុជានោះ មិនមែនកម្ពុជាគ្មានលទ្ធភាពនៃការប្រើប្រាស់កម្លាំងតបតទេ ប៉ុន្តែបើកម្ពុជាប្រើប្រាស់កម្លាំងនឹងធ្វើឱ្យកម្ពុជាមានផលវិបាក ។
ត្រង់ចំណុចផលវិបាកនេះ ត្រូវបានសម្តេចតេជោពន្យល់ថា “បើសិនជាយើងផ្ទុះអាវុធភ្លាម យើងគ្រាប់ទី១គឺជាគ្រាប់ដែលកម្ពុជាត្រូវបរាជ័យ ហេតុអី យើងទទួលបរាជ័យខាងផ្នែកនយោបាយនិងការទូតដោយយើងជាអ្នកបំពានបទឈប់បាញ់ ព្រោះកាលណាតែយើងវ៉ៃដណ្តើមដឹងតែផ្ទុះអាវុធមុនហើយ ។ បើផ្ទុះអាវុធមុនមានន័យថា កម្ពុជាត្រូវទទួលការខាតបង់ធំធេង ទៅលើបញ្ហាទាក់ទិនជាមួយរំលោភបទឈប់បាញ់ ។ ចឹងអន្តរជាតិនឹងដាក់កំហុសមកលើយើងធ្ងន់ធ្ងរ ហើយគេចាត់ទុកយើងជាអ្នកបង្កហេតុ”។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា ដូច្នេះកម្ពុជាមិនត្រូវប្រើប្រាស់កម្លាំងនោះទេ គឺមានតែអនុវត្តទៅតាមផ្លួវច្បាប់អន្តរជាតិប៉ុណ្ណោះ ព្រោះបើប្រើកម្លាំងគឺជាការបរាជ័យខាងនយោបាយ និងការទូត។
សម្តចតេជោក៏បានផ្តាំផ្ញើទៅបុគ្គលជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលចេះតែញុះញង់ឱ្យកម្ពុជាប្រើប្រាស់កម្លាំង និងសព្វាវុធដើម្បីដណ្តើមទឹកដីខ្មែរដែលថៃកំពុងកាន់កាប់ខុសច្បាប់ត្រូវស្វែងយល់ឱ្យបានទូលំទូលាយ ដោយកុំមើលតែដើមឈើមួយដើម ។
ជាមួយនឹងការពន្យល់អំពីផលវិបាកនេះ សម្តេចតេជោក៏បានចែករំលឹកពីបទពិសោធន៍របស់សម្តេចដែលបានដឹកនាំប្រទេសកម្ពុជាជិត៤០ឆ្នាំដែលមានបទពិសោធន៍យ៉ាងច្រើនលើការដឹកនាំប្រទេសផងដែរ ។
សម្តេចតេជោបន្តថា ប្រសិនបើមានការផ្ទុះអាវុធម្តងទៀតពិតមែន នឹងធ្វើឱ្យកងទ័ពត្រូវ ប្រជាពលរដ្ឋស្លាប់ បែកចេញពីគ្រួសារគ្មានថ្ងៃត្រឡប់ និងពលរដ្ឋភៀសសឹកបន្តទៀត ៕
