Feature

លោក មាស វិរិទ្ធ ៖ ទោះគ្រឿងញៀនគ្រប់គ្រងបាន តែត្រូវបង្កើនការបង្ក្រាប

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានថ្លែងថា ទោះបីជាគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលគ្រប់គ្រងបានក៏ដោយ ក៏ត្រូវតែបង្កើនការបង្ក្រាបឱ្យកាន់តែខ្លាំងបន្ថែមទៀត ។

ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ចំណេះដឹងគ្រឿងញៀន» ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែបន្តកើតមាននៅកម្ពុជា ប៉ុន្តែពុំមានការរីករាលដាលខ្លាំង និងជាកំហុសនោះទេ ។
 
លោកថា ទោះមិនមានការរីករាលដាលខ្លាំងក៏ពិតមែន ប៉ុន្តែត្រូវតែចូលរួមគ្រប់គ្នា ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងនៅក្នុងស្រុក និងមកពីក្រៅប្រទេស  ។

លោកបញ្ជាក់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺជាឧបករណ៍ដ៏សំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន។ ដូច្នេះកុំយល់ច្រឡំថា មានតែសមត្ថកិច្ច ឬអាជ្ញាធរ ទើបអាចដោះស្រាយបញ្ហានេះបាន ។
 
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងទៀតថា “ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាមទារឱ្យមានការចូលរួម មិនមែនសមត្ថកិច្ចមួយ អាជ្ញាធរមួយ ធ្វើការតែឯងទទួលបានជោគជ័យទេ ត្រូវតែមានការចូលរួមពីគ្រប់វិស័យ ។ កុំឱ្យចាត់ទុកថា បញ្ហាគ្រឿងញៀនជាសមត្ថកិច្ច ក្នុងការដោះស្រាយដោយអាជ្ញាធរមាន សមត្ថកិច្ច ឬមន្រ្តីអនុវត្តច្បាប់យើងទាំងអស់គ្នា ត្រូវតែចូលរួមធ្វើការបង្ការទប់ស្កាត់”។
 
គួរបញ្ជាក់ថា ​​ឆ្នាំ​២០២៥ បណ្ដាអង្គភាពអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ បានពង្រឹងប្រសិទ្ធភាព អនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន។ ជាក់ស្តែង កម្លាំង​សមត្ថកិច្ចទាំង​ក្នុង​ក្របខណ្ឌ​ជាតិ-​អន្តរជាតិ បាន​បង្រ្កាប​​បទល្មើសគ្រឿងញៀន ​ជាងម៉ឺនករណី និងឃាត់​ខ្លួន​ជនសង្ស័យ​ជិត៣ម៉ឺននាក់ ៕

To Top