ការវាយប្រហាររបស់ អ៊ីស្រាអែលេីទីក្រុងបេរូត បង្កឱ្យមានការព្រមានសងសឹកពីអ៊ីរ៉ង់ និងអាចខូចកិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់
តេអេរ៉ង់៖ យោធាអ៊ីស្រាអែល បានវាយប្រហារទីស្នាក់ការកណ្តាលរបស់ហេសបូឡា កាលពីថ្ងៃអាទិត្យនៅក្នុងស្រុកដាហ៊ីអេ ភាគខាងត្បូងនៃទីក្រុងបេរូត ដែលបង្ក ឱ្យមានការព្រមានសងសឹកពីអ៊ីរ៉ង់ និងបង្កឱ្យមានភាពមិនប្រាកដប្រជាថ្មី លើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងលេចចេញជារូបរាង។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកសកម្មប្រយុទ្ធហេសបូឡា បានប្រើប្រាស់ទីស្នាក់ការកណ្តាល ដើម្បីលើកកម្ពស់ការវាយប្រហារ “ភេរវកម្ម” ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងកម្លាំង IDF ដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីហេសបូឡា បាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយបន្ថែមថា “អ៊ីស្រាអែល នឹងមិនអត់ឱន ចំពោះការបាញ់ចូលទៅក្នុងទឹកដីរបស់ខ្លួននោះទេ”។
ក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ (SNSC) បានព្រមានអំពីការឆ្លើយតបភ្លាមៗ ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល លើរដ្ឋធានីបេរូតរបស់លីបង់។
IRIB បានដកស្រង់សម្តីលោក Mohammad Bagher Zolghadr លេខាធិការ SNSC ដែលបានឧ្យដឹងថា “លីបង់ គឺជាឈាមជីវិតរបស់យើង ហើយការរំលោភលើខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ នឹងមិនត្រូវបានអត់ឱននោះទេ”។
ដោយឡែកពីគ្នា លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាសំខាន់របស់អ៊ីរ៉ង់ Khatam al-Anbiya បានឧ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់ អាវុធរបស់អ៊ីរ៉ង់ “បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់ចូល ទៅក្នុងបេះដូងរបស់សត្រូវ”។
ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានចេញ សេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃអាទិត្យ ដោយថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល ដោយចាត់ទុកទីក្រុង វ៉ាស៊ីនតោនថា ទទួលខុសត្រូវដោយផ្ទាល់ ចំពោះ ការរំលោភបំពានម្តង ហើយម្តងទៀត របស់អ៊ីស្រាអែលលើបទឈប់បាញ់ ដែលសម្រេចបានក្នុងខែមេសា។
ទីក្រុងតេអេរ៉ង់បានបន្ថែមថា ទីក្រុងតេអេរ៉ង់ប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ក្នុងរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា SNSC បានសន្និដ្ឋានថា ផ្លូវនៃការសន្ទនាត្រូវតែបន្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី។
លោក Pezeshkian បានបញ្ជាក់ពីភាពចាំបាច់ក្នុងការជួយអ៊ីរ៉ង់ឱ្យចេញពីស្ថានភាព «ទាំងសង្គ្រាម និងសន្តិភាព» បច្ចុប្បន្នរបស់ខ្លួន ដោយកត់សម្គាល់ថា មេដឹកនាំកំពូលលោក Ali Khamenei ពីមុនបានផ្តល់ការអនុញ្ញាតឱ្យមានការចរចា «ផ្អែកលើសេចក្តីថ្លៃថ្នូរ»៕
ប្រែសម្រួល ឈូក បូរ៉ា
