ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងចាត់វិធានការតបតវិញ ចំពោះទីតាំងប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីរបស់កោះតៃវ៉ាន់

បរទេស៖ ប្រទេសចិនបានឱ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងចាត់វិធានការតបតវិញ ចំពោះគេហទំព័រថ្មីរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ សម្រាប់ជនជាតិចិនរាយការណ៍ព័ត៌មានស៊ើបការណ៍សម្ងាត់ ដោយនិយាយថា គេហទំព័រនេះបានលាតត្រដាង «ផ្នត់គំនិតប្រឈមមុខដាក់គ្នា» របស់ទីក្រុងតៃប៉ិ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់ ដែលចិនបានចាត់ទុកកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន បានស៊ើបការណ៍សម្ងាត់គ្នាទៅវិញទៅមកជាយូរមកហើយ ហើយជាពិសេសកោះតៃវ៉ាន់បានរាយការណ៍ពីចំនួនករណីចារកម្មចិនកើនឡើង។

ការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ បានបង្ហាញគេហទំព័រថ្មីនេះកាលពីថ្ងៃអាទិត្យ ដោយពន្យល់ថា ខ្លួនកំពុងផ្តល់ជូនឆានែលសុវត្ថិភាពមួយដល់អ្វីដែលខ្លួននិយាយថា ជាចំនួនមនុស្សកាន់តែច្រើនឡើង ដែលធុញទ្រាន់នឹងប្រព័ន្ធរបស់ចិន និងចង់បានការផ្លាស់ប្តូរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា កោះតៃវ៉ាន់កំពុងចូលរួមក្នុង «សកម្មភាពលួចស៊ើបការណ៍សម្ងាត់ ការជ្រៀតចូល និងបំផ្លិចបំផ្លាញ ដែលបង្កើនការប្រឈមមុខដាក់គ្នាឆ្លងច្រកសមុទ្រ និងធ្វើឱ្យខូចទំនាក់ទំនងឆ្លងច្រកសមុទ្រ។

លោកបាននិយាយថា «រឿងនេះបង្ហាញយ៉ាងពេញលេញ នូវជំហរគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ភាពរឹងរូស ផ្នត់គំនិតប្រឈមមុខដាក់គ្នា និងការបដិសេធមិនផ្លាស់ប្តូរទិសដៅរបស់ពួកគេ»។

ប្រែសម្រួលៈ ណៃ តុលា

To Top