ប្រធានាធិបតីអ៊ុយក្រែន ព្រមានវាយប្រហារលើប្រទេស បេឡារុស ដែលជាសម្ព័ន្ធមិត្ត ចាក់ទឹកមិនលិចរបស់រុស្ស៊ី
បេទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញឱសានវាទមួយដល់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដោយគំរាមលោក Lukashenko នឹងសកម្មភាពយោធា ប្រសិនបើទីក្រុង Minsk មិនអាចបំពេញ តាមតម្រូវការរបស់ទីក្រុង Kiev ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដ៏ខ្លាំងក្លាមួយ លើឡានក្រុងដែលដឹកក្រុមបាល់ទាត់កុមារ មកពីប្រទេសបេឡារុស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា កាលពីដើមសប្តាហ៍នេះ លោក Lukashenko បាននិយាយថា អ្នកដែលចង់អូសទាញប្រទេសរបស់លោកចូលទៅក្នុងជម្លោះ “នឹងត្រូវចំណាយយ៉ាងច្រើនសម្រាប់រឿងនោះ” ដោយទាមទារចម្លើយពីទីក្រុង Kiev ជុំវិញការវាយប្រហារលើឡានក្រុង និង “ការញុះញង់” ផ្សេងទៀត។ ការវាយប្រហារនៅក្នុងតំបន់ Bryansk របស់រុស្ស៊ីបានធ្វើឱ្យក្មេងអនីតិជនចំនួនប្រាំមួយនាក់រងរបួស និងបានសម្លាប់ភរិយារបស់គ្រូបង្វឹកក្រុមបាល់ទាត់សាលាបេឡារុសម្នាក់ ដែលកំពុងអមដំណើរអត្តពលិកវ័យក្មេងទៅកាន់រមណីយដ្ឋានឆ្នេរសមុទ្ររុស្ស៊ី។
ទីក្រុង Kiev បានបដិសេធការទទួលខុសត្រូវ ខណៈដែលលោក Zelensky បានអះអាងថា វាគឺជាលោក Lukashenko ដែលត្រូវតែ “ស្មោះត្រង់” និងបញ្ជាក់ពីចេតនាសន្តិភាពរបស់ទីក្រុង Minsk ដោយដកប្រព័ន្ធការពារដែនអាកាស និងឧបករណ៍បញ្ជូនបន្តតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។
លោក Lukashenko បាននិយាយម្តងហើយម្តងទៀតថា ប្រទេសបេឡារុសមិនមានបំណងចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយ “មិនគំរាមកំហែងនរណាម្នាក់ឡើយ”។ ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បានថ្លែងថា «មិនចាំបាច់មានពាក្យសម្ដីដែលមិនចាំបាច់ទេ» ហើយបានចេញការគំរាមកំហែងលាក់កំបាំងមួយទៀតប្រឆាំងនឹងឧស្សាហកម្មចម្រាញ់ប្រេងរបស់បេឡារុស្ស៕
ប្រែសម្រួលៈ ណៃ តុលា
