ព័ត៌មានអន្តរជាតិ

ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់នៅលីបង់ ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ ចូលជាធរមាន

បរទេស៖ បើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋលីបង់ NNA បានផ្សាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២០ នាក់ នៅថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាបានចូលជាធរមាន ដែលមានគោលបំណងបញ្ឈប់ អំពើហិង្សាកើនឡើងជាច្រើនខែ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ថា អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងគ្រាប់ផ្លោង ដែលបាញ់ចេញពេញមួយយប់ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា ក្រុមហេសបូឡាបានបាញ់គ្រាប់ផ្លោងជាង ៥០ គ្រាប់ទៅលើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ ដែលជំរុញឱ្យមានការ វាយប្រហារលើអ្វី ដែលមន្ត្រីរូបនេះបានពិពណ៌នាថាជា “គោលដៅហេសបូឡា” ។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែលបានវាយប្រហារ ទីតាំងជាច្រើននៅភាគខាងត្បូងលីបង់ និងជ្រលងភ្នំបេកា។

ក្រុមហេសបូឡាបានចោទប្រកាន់ទៅលើអ៊ីស្រាអែលពីបទរំលោភបទឈប់បាញ់រាប់រយលើក ហើយបានព្រមានថាការវាយប្រហារជាបន្តបន្ទាប់ “នឹងមិនឆ្លងកាត់ដោយគ្មានការឆ្លើយតបឡើយ”។ ក្រុមនេះបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន។
ប្រែសម្រួលៈ ណៃ តុលា

To Top