Feature

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ វិសោធនកម្មផ្លូវថ្នល់ ក្នុងសំឡេង ១១៤

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា ក្រោយពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធី បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ជាឯកច្ឆន្ទក្នុងសំឡេង ១១៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមសំណើរបស់រាជរដ្ឋាភិបាល ។

ការអនុម័តនេះ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ ជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

មាត្រាទាំង១៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មនាពេលនេះមាន ៖ មាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩។

តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ បានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពរខាងវិស័យ ឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមា លើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើស ការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់៕

To Top