ព័ត៌មានអន្តរជាតិ

អូម៉ង់ និងអ៊ីរ៉ង់​ សង្កត់ធ្ងន់លើការបន្ធូរបន្ថយ ភាពតានតឹង និងសន្តិសុខដែនសមុទ្រ ចំពេលមានកិច្ចខិតខំប្រឹង ប្រែងផ្នែកការទូត​ ដែលកំពុងបន្ត

មូស្កាត៖​ អូម៉ង់ និងអ៊ីរ៉ង់​ បានគូសបញ្ជាក់នៅថ្ងៃចន្ទអំពីសារៈសំខាន់ នៃការចាប់យកសន្ទុះការទូតបច្ចុប្បន្ន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ទៅកាន់ទីក្រុងមូស្កាត នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអូម៉ង់។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad Al Busaidi និងលោក Ghalibaf ភាគីទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ នៃទំនាក់ទំនងល្អជាមួយ ប្រទេសជិតខាង ដើម្បីការពារសន្តិសុខក្នុងតំបន់ និងធានាសុវត្ថិភាពនៃ ការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រហ័រមូស និងផ្លូវដឹកជញ្ជូនអន្តរជាតិ នេះបើយោងតាមរបាយការណ៍។

កិច្ចប្រជុំនេះបានកើតឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតបានបន្តបន្ទាប់ ពីវគ្គដំបូងនៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឡើងនៅប្រទេសស្វីស ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន និងកាតា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

អ្នកសម្របសម្រួលបានប្រកាសថា លទ្ធផលដ៏គួរឱ្យលើកទឹកចិត្តបន្ទាប់ពីការចរចា រួមទាំងផែនទីបង្ហាញផ្លូវរយៈពេល ៦០ថ្ងៃឆ្ពោះទៅរកកិច្ចព្រមព្រៀង ចុងក្រោយ និងយន្តការដើម្បីធានាសុវត្ថិភាព នៃការដឹកជញ្ជូនពាណិជ្ជកម្ម ឆ្លងកាត់ច្រកសមុទ្រហ័រមូស និងដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

កាលពីថ្ងៃចន្ទផងដែរ ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត​ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ព្រះអង្គម្ចាស់ Faisal bin Farhan bin Abdullah Al Saud ក៏ដូចជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានបញ្ជាក់ជាថ្មីនូវការគាំទ្រ​ ចំពោះអនុស្សរណៈនៃការយោគយល់គ្នា និងដំណើរការចរចានៅក្នុងការសន្ទនាតាមទូរស័ព្ទ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top