លោក ប៉ែន បូណា ៖ ជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង២ម៉ឺន២ពាន់នាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ បាននៅឡើយ ព្រោះតែស្ថានភាពមិនទាន់អំណោយផល ដោយសារមានការរារាំង ពីសំណាក់កងកម្លាំងថៃ តាមរយៈការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសដើម្បីបិទផ្លូវ ។
ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ក្នុងការជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ សុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។
លោកបន្តថា “ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពួកគេ ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យ ដើម្បីស្នាក់នៅបណ្តោះអាសន្ននៅភូមិរង់ចាំ ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ ដែលអនុញ្ញាតឱ្យពួកគេអាចវិល ត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន” ។
អ្នកនាំពាក្យបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ន ពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់មើលថែទាំពីសំណាក់រាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងមហាជន និងសប្បុរសជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឱ្យនៅឯកាឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាភាពកក់ក្តៅដែលប្រជាពលរដ្ឋភៀសសឹកទទួលបានពីរាជរដ្ឋាភិបាល អាជ្ញាធរ និងជនរួមជាតិគ្រប់ទិសទី៕
