Feature

អភិបាលខេត្តកំពង់ចាម ៖ យើងរួមគ្នាកំចាត់គ្រឿងញៀន ឲ្យដល់ឫសគល់ ដើម្បីកសាងសង្គមជាតិឲ្យល្អ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្សសហការគ្នា ដើម្បីកំចាត់គ្រឿងញៀនឲ្យដល់ឫសគល់ ក្នុងគោលបំណងកសាងសង្គមជាតិមួយឱ្យល្អ ពោលគឺ គ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរ នៅក្នុងសហគមន៍របស់យើង ។ 

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីអបអទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រុមប្រធានបទ (រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត) ធ្វើឡើងនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា អ្វីដែលជាវិធានការដែលបានដាក់ចេញពេលនេះ នឹងបានអនុវត្តពេលកន្លងមក សុទ្ធតែជាការយកចិត្តទុកដាក់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរអំពីបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ។ នៅក្នុងន័យនេះ អ្វីដែលជាបំណងប្រាថ្នាធំរបស់សម្ដេចធិបតី គឺការកសាងនូវសង្គមជាតិមួយដ៏ល្អ គឺគ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរគ្រឿងញៀននៅក្នុងសហគមន៍របស់យើង ។

ហេតុដូច្នោះហើយ ទើបត្រូវបង្កើតនូវយន្តការ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានឆ្ពោះទៅកាន់ការកាត់ផ្ដាច់ឬសគល់ ចំពោះការប្រើប្រាស់ ការជួញដូរ និងការធ្វើចរាចរណ៍គ្រឿងញៀន ។ ជាមួយគ្នានេះ ក៏ត្រូវមានការជួបជុំផ្សព្វផ្សាយណែនាំ បញ្ជូនសារនានាឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់បានយល់ និងបានចូលរួមផងដែរ។ ហេតុដូច្នេះហើយ ទើបមានការជួបជុំបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ឲ្យបងប្អូនបានស្ដាប់របាយការណ៍ និងបានធ្វើជាសាក្សីក្នុងការដុតបំផ្លាញគ្រឿងញៀន ទម្ងន់ ១១.៨៣០,៥០ គីឡូក្រាម (ជាង១១គីឡូក្រាម) ផងដែរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top