ប្រធានរដ្ឋសភា សំណូមពរប្រតិភូស្ត្រីខេត្តតាកែវ បន្តពង្រឹងសកម្មភាពមនុស្សធម៌ ដោយផ្សារភ្ជាប់សុខទុក្ខ ជាប់ជានិច្ចជាមួយពលរដ្ឋ
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសំណូមពរប្រតិភូស្ត្រីខេត្តតាកែវ បន្តពង្រឹងសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពរ របស់ប្រជាពលរដ្ឋ។
ការសំណូមពររបស់ សម្តេច ឃួន សុដារី ក្នុងឱកាស ទទួលជួបសំណេះសំណាល ជាមួយក្រុមការងារស្ត្រីខេត្តតាកែវ បានអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ។
សម្តេច ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការងារ របស់ក្រុមចលនាស្ត្រីខេត្តតាកែវ សម្រេចបានលទ្ធផលជាទីគាប់ចិត្តនៅក្នុងការបំពេញការងារ ទាំងការងាររដ្ឋបាលតាមស្ថាប័ន មន្ទីរ ក៏ដូចជា ការចុះជួយពលរដ្ឋ ដោយបានផ្សារភ្ជាប់សុខទុក្ខ ជាមួយពលរដ្ឋជាប់ជាប្រចាំ ស្របតាមស្មារតីគោលការណ៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល សម្តេចទាំងទ្វេ ផ្តល់អាទិភាពខ្ពស់បំផុតចំពោះសុខទុក្ខ និងបញ្ហាជីវភាពពលរដ្ឋ ។
សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណែកស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មកម្លេះ។ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។
ដោយសារតួនាទីស្ត្រីសំខាន់ក្នុងសង្គម សម្តេច ប្រធានរដ្ឋសភា សំណូមពរដល់ប្រតិភូស្ត្រីខេត្តតាកែវ ត្រូវបន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពរ របស់ប្រជាពលរដ្ឋ ពិសេសបន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជនដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក ជាដើម៕









