ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ រិះគន់សហរដ្ឋអាមេរិក​ ចំពោះការបកស្រាយផ្ទុយនឹងអត្ថបទ MoU​ ដែលទេីបចុះហត្ថលេខា

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ចៀសវាងការបកស្រាយដែល «ផ្ទុយទាំងស្រុង» ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) អ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលទើបចុះហត្ថលេខាថ្មីៗនេះ។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរិះគន់សេចក្តីថ្លែងការណ៍ «ផ្ទុយ» ដែលធ្វើឡើងដោយមន្ត្រីសហរដ្ឋអាមេរិក​ ទាក់ទងនឹងបទប្បញ្ញត្តិនៃ MoU។

លោកបានលេីកឡេីងថា ការកត់សម្គាល់អំពីការបញ្ចប់សង្គ្រាមនឹងមិនជួយកាត់បន្ថយ «ការមិនទុកចិត្តដែលប្រមូលផ្តុំ» របស់ប្រជាជនអ៊ីរ៉ង់នោះទេ ហើយនឹងគ្រាន់តែជាការរំលឹកអំពីការរំលោភលើការសន្យាកាលពីអតីតកាល។

លោក Baghaei បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក​ មិនដែលបង្ហាញពីភាពស្មោះត្រង់ណាមួយក្នុងការប្រព្រឹត្តរបស់ខ្លួន​ ចំពោះប្រជាជាតិអ៊ីរ៉ង់នោះទេ ដោយបន្ថែមថា ទោះបីជាមានហេតុផលមិនទុកចិត្តក៏ដោយ អ៊ីរ៉ង់បានចូលរួមក្នុងដំណើរការការទូតជាមួយសហរដ្ឋអាមេរិកដោយស្មោះត្រង់ ហើយបានចុះហត្ថលេខាលើ MoU។ 

លោក​បាន​បន្ដថា ប្រជាជន​អ៊ីរ៉ង់​ដឹង​ថា កំហឹង​របស់ «សត្រូវ» នឹង​មិន​បញ្ចប់​ដោយ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នោះ​ទេ ដោយ​គិត​ដល់​បទពិសោធន៍​ក្នុង​រយៈពេល​  ៥ទសវត្សរ៍​កន្លង​មក ជាពិសេស​ការ​វិវត្តន៍​ក្នុង​រយៈពេល ១៨ខែ​កន្លង​មក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top