កម្ពុជា នៅតែចាត់ទុកបញ្ហាសន្តិសុខ គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ពលរដ្ឋ
ភ្នំពេញ ៖ ទោះបីជាកម្ពុជា ទទួលរងនូវការឈ្លានពានពីប្រទេសជិតខាងក៏ដោយ, រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែចាត់ទុកបញ្ហា សន្តិសុខ និងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។

សម្ដេចធិបតី បន្ដថា ឆ្លើយតបទៅនឹងបរិបទសកលលោក ដែលប្រកបទៅដោយកត្តាមិនអំណោយផល និងបញ្ហាអសន្តិសុខយ៉ាងច្រើនអនេក និងបើទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដី និងរំលោភអធិបតេយ្យជាតិ ពីសំណាក់ប្រទេស ជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែចាត់ទុកបញ្ហា សន្តិសុខនិងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តមុតស្រួច និងបទបញ្ជាម៉ឺងម៉ាត់នានា ដើម្បីឆ្លើយតប និងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី រួមទាំងបទឧក្រិដ្ឋគ្រឿងញៀនផងដែរ។
ក្នុងនោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ បានខិតខំឆ្លើយតប យ៉ាងសកម្មឈ្មូសឈ្នួល ទៅនឹងបញ្ហានេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ យុទ្ធវិធី និងវិធានការប្រកប ដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបឱ្យសមស្របទៅ នឹងបរិការណ៍ពិភពលោក ដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល៕
