Feature

សម្តេចធិបតី ណែនាំឱ្យត្រៀមឆ្លើយតប ជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា កំពុងទទួលរងឥទ្ធិពល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពល។

បាតុភូត El Niño គឺជាលំនាំអាកាសធាតុធម្មជាតិ ដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដី ដែលចាប់ផ្តើមឡើងនៅពេលដែលទឹកសមុទ្រ នៅភាគកណ្តាល និងភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិកឡើងកម្តៅខុសប្រក្រតី។

នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានណែនាំ ឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានីខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ បានដឹងអំពីផលវិបាកនៃ ការប្រែប្រួលអាកាសធាតុនេះ។

សម្តេចធិបតី បន្ដថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត ត្រៀមមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

ចំណែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបំរុង ស្បៀងនិងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា៕

To Top