Feature

ប្រមុខការទូតកម្ពុជា ឆ្លៀតប្រាប់មិត្តចិន អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ប៉េកាំង៖នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ កម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ទិសដៅទៅថ្ងៃមុខ កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីពង្រីកបន្ថែមទៀតទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ លោក ប្រាក់ សុខុន ក៏បានជម្រាបជូនលោក វ៉ាង យី អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕

To Top