សហរដ្ឋអាមេរិកដកពាក្យ «ឥណ្ឌូ» ចេញពីបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយស្ដារឈ្មោះឡើងវិញមកត្រឹម ប៉ាស៊ីហ្វិកអាមេរិក
បេទេស៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តនាំយកឈ្មោះ បញ្ជាការដ្ឋានប៉ាស៊ីហ្វិកអាមេរិក US Pacific Command (USPACOM) មកវិញ ដោយជំនួសឈ្មោះបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក US Indo-Pacific Command (USINDOPACOM) ជាផ្លូវការ , នេះបើយោងតាមការប្រកាសរបស់ក្រសួងសង្គ្រាមអាមេរិក កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន HINDUSTAN TIMES ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា ការផ្លាស់ប្តូរនេះបង្ហាញពីការវិលត្រឡប់ទៅរកអត្តសញ្ញាណប្រវត្តិសាស្ត្ររបស់បញ្ជាការវិញ។ បញ្ជាការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៤៧ ដោយអតីតប្រធានាធិបតីអាមេរិក Harry S. Truman ហើយបានដំណើរការក្រោមឈ្មោះ USPACOM អស់រយៈពេលជាងប្រាំពីរទសវត្សរ៍មកហើយ ហើយបានក្លាយជាបញ្ជាការប្រយុទ្ធបង្រួបបង្រួមចំណាស់ជាងគេ ក៏ដូចជាធំជាងគេបំផុតរបស់អាមេរិក។
ក្នុងការប្រកាសពីការសម្រេចចិត្តនេះ ក្រសួងសង្រ្គាមបានឲ្យដឹងថា ការស្ដារឡើងវិញនូវឈ្មោះមុននេះ មានបំណងទទួលស្គាល់មរតកយូរអង្វែងរបស់បញ្ជាការនៅក្នុងតំបន់។
ក្រសួងសង្គ្រាមបានឲ្យទៀតថា “ការស្ដារឡើងវិញនូវឈ្មោះ USPACOM ឡើងវិញ គឺជាការគោរពដល់ឫសគល់ប្រវត្តិសាស្ត្រដ៏ជ្រៅរបស់បញ្ជាការ ដោយលើកកម្ពស់អារម្មណ៍មោទនភាព និងស្មារតីរួមក្នុងចំណោមអ្នកដែលបម្រើការនៅប៉ាស៊ីហ្វិក”។
បេសកកម្ម និងតំបន់ទទួលខុសត្រូវនៅតែមិនផ្លាស់ប្តូរ ៖ ខណៈពេលដែលឈ្មោះកំពុងផ្លាស់ប្តូរ ការទទួលខុសត្រូវប្រតិបត្តិការរបស់បញ្ជាការនឹងនៅតែដដែល។
យោងតាមក្រសួង, តំបន់ទទួលខុសត្រូវរបស់ USPACOM បន្តលាតសន្ធឹងពីដែនទឹកនៅឯឆ្នេរសមុទ្រ ភាគខាងលិចនៃសហរដ្ឋអាមេរិក រហូតដល់ព្រំដែនភាគខាងលិច នៃប្រទេសឥណ្ឌា។ មន្ត្រីបានសង្កត់ធ្ងន់ថា តួនាទីស្នូល និងគោលបំណងយុទ្ធសាស្ត្ររបស់បញ្ជាការមិនត្រូវបានផ្លាស់ប្តូរទេ។
