ព័ត៌មានអន្តរជាតិ

កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព

បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពបណ្តោះអាសន្នរបស់ពួកគេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា ភាគីជម្លោះនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងដែលបានឈានដល់ពីរសប្តាហ៍មុន ដើម្បីបញ្ចប់ជម្លោះរយៈពេលបួនខែ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅអ៊ីរ៉ង់ពេញមួយយប់ ខណៈដែលអ៊ីរ៉ង់បាននិយាយថា ខ្លួនក៏បានវាយប្រហារគោលដៅដែលទាក់ទងនឹងកងកម្លាំងអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបវិញផងដែរ។

ការវាយប្រហារថ្ងៃសៅរ៍លើកប៉ាល់ដឹកប្រេងមួយគ្រឿងនៅក្នុងច្រកសមុទ្របានកើតឡើងបន្ទាប់ពីការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានការកើនឡើងនៃភាពតានតឹង។ អ៊ីរ៉ង់បានធ្វើការប៉ុនប៉ងថ្មីមួយដើម្បីអះអាងការគ្រប់គ្រងលើផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ ដែលបានចាប់ផ្តើមបើកដំណើរការឡើងវិញក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ បន្ទាប់ពីការរំខានជាច្រើនខែ។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្រ UKMTO របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងដែលត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ បានរងការខូចខាតដល់ស្ពានរបស់វា ដោយនាវិកទាំងអស់ត្រូវបានរាយការណ៍ថាមានសុវត្ថិភាព។ មជ្ឈមណ្ឌលព័ត៌មានដែនសមុទ្ររួម ដែលដំណើរការដោយសម្ព័ន្ធមិត្តកងទ័ពជើងទឹកដែលការពារការដឹកជញ្ជូន បាននិយាយថា ខ្លួនបានបង្កើនកម្រិតគំរាមកំហែងសន្តិសុខរបស់ខ្លួន ជាលទ្ធផលនៃឧប្បត្តិហេតុថ្មីៗ។
ប្រែសម្រួលៈ ណៃ តុលា

To Top