ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា បានវាយប្រហារចំគោលដៅទីតាំង ដែលជាកន្លែងបណ្តុះបណ្តាល កងកម្លាំងកម្ម៉ង់ដូរបស់អ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិបាននិយាយថា យោធារុស្ស៊ីបានវាយលុកកន្លែង ហ្វឹកហ្វឺននៃមជ្ឈមណ្ឌលបញ្ជាការ ប្រតិបត្តិការពិសេស របស់អ៊ុយក្រែន ភាគខាងត្បូងដោយក្នុងនោះ ក្រសួងការពារជាតិបានទាំង ផ្សព្វផ្សាយវីដេអូនៃការវាយប្រហារនេះផងដែរ។
កងទ័ពបានវាយប្រហារបន្ទាយ និងកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើកក្នុងសមុទ្រនៅក្នុង ការវាយប្រហារដែលមាន ភាពជាក់លាក់ខ្ពស់ ជាបន្តបន្ទាប់។

វីដេអូខ្លីមួយដែលត្រូវ បានផ្សព្វផ្សាយ ដោយក្រសួងបង្ហាញពីអគារមួយជាន់ ជាច្រើនបានហុយផ្សែង ចេញដោយផ្សែងយ៉ាងក្រាស់ ដោយដីនៅក្បែរនោះនៅតែឆាបឆេះនៅឡើយ។ វីដេអូឃ្លីបនេះក៏រួមបញ្ចូលផងដែរនូវការវាយប្រហារ ដោយជោគជ័យលើគោលដៅមួយ ក្នុងចំណោមគោលដៅ ដែលបណ្តាលឱ្យមានការផ្ទុះដ៏ធំមួយផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើ Telegram កាលពីថ្ងៃអាទិត្យ កងទ័ពបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក Geran ជាច្រើនគ្រឿងដែលវាយប្រហារគោលដៅរបស់ពួកគេ។ ក្រសួង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​ការវាយប្រហារលើកនេះ​នោះ​ទេ។

គួរឲ្យដឹងដែរថាក្នុងពេលជាមួយគ្នានេះក្រុងគៀវ​កំពុង​បង្កើន​ការ​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​មក​លើ​រុស្ស៊ីដូចគ្នា ដោយ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង ​ថាមពល ។ កាលពីថ្ងៃសុក្រ យោធារុស្ស៊ីបានរាយការណ៍ថា ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក kamikaze របស់អ៊ុយក្រែនចំនួន៦៦០គ្រឿងក្នុងរយៈពេលត្រឹមតែមួយយប់ ដែលជាចំនួនធំបំផុត រហូតមកដល់បច្ចុប្បន្ន ៕

ប្រែសម្រួល៖ស៊ុនលី

To Top