អ៊ីរ៉ង់ និងអូម៉ង់ ទទួលបន្ទុកគ្រប់គ្រងច្រកសមុទ្រហ័រមូស ហេីយបារាំងគួរតែនៅឱ្យ ឆ្ងាយពីការដោះមីនច្រកសមុទ្រ
តេអេរ៉ង់៖ អ៊ីរ៉ង់ និងអូម៉ង់ មានសិទ្ធិអំណាចលើការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលនឹងមិនត្រលប់ទៅដូចមុនសង្គ្រាមអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ទេ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi។
លោក Gharibabadi បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ថា អាទិភាពរបស់អ៊ីរ៉ង់ គឺការឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ លើការរៀបចំពាក់ព័ន្ធនៅក្នុងច្រកសមុទ្រ ប៉ុន្តែអ៊ីរ៉ង់នឹងជំរុញបញ្ហានេះតែម្នាក់ឯង ប្រសិនបើអូម៉ង់ ថាមានហេតុផលណាមួយមិនសមស្រប។
លោកក៏បានឧ្យដឹងផងដែរថា អូម៉ង់ក៏ជឿជាក់ផងដែរថា ខ្លួនមានអធិបតេយ្យភាពលើច្រកសមុទ្រ ការរៀបចំសម្រាប់គ្រប់គ្រងច្រកសមុទ្រមិនត្រូវត្រលប់ទៅរកការអនុវត្តពីមុនទេ ហើយសេវាកម្មដែលផ្តល់ជូនមិនត្រូវគិតថ្លៃទេ។
ទន្ទឹមនឹងនេះ លោក Gharibabadi បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការដោះមីននៅច្រកសមុទ្រត្រូវបានធ្វើឡើងដោយអ៊ីរ៉ង់តែប៉ុណ្ណោះ មិនមែនប្រទេសផ្សេងទៀតទេ ដោយបន្ថែមថា “ជាមូលដ្ឋានយើងមិនអនុញ្ញាតឱ្យមានរឿងបែបនេះទេ”។
ការបង្ហោះនេះគឺជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយថាប្រទេសបារាំងបានសម្រេចចិត្ត “ធ្វើការរួមគ្នា” ជាមួយដៃគូរបស់ខ្លួនលើការបោសសម្អាតមីននៅក្នុងច្រកសមុទ្រ។
លោក Gharibabadi បានបន្ថែមថា ស្ថានភាពនេះគឺ “រសើប និងស្មុគស្មាញ” ដោយបន្ថែមថា “យើងណែនាំយ៉ាងមុតមាំឱ្យប្រទេសបារាំង មិនឱ្យធ្វើឱ្យវាស្មុគស្មាញបន្ថែមទៀតជាមួយនឹងការញុះញង់របស់ខ្លួននោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
