Feature

លោកអភិបាលស្រុកតាំងគោក ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយវិធានការទប់ស្កាត់បទល្មើសនេសាទ ជូនពលរដ្ឋភូមិគោកត្របែក

កំពង់ធំ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរទុក្ខ ក៏ដូចជាស្តាប់នូវរាល់បញ្ហា សំណើ និងសំណូមពរផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋលើកឡើងនូវ៖បញ្ហាប្រឈម ស្វែងយល់ពីការលំបាកជាក់ស្តែងក្នុងការងារបង្កបង្កើនផលនិងជីវភាពប្រចាំថ្ងៃ បញ្ហាអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ ។
សំណើ និងសំណូមពរ៖ កត់ត្រានូវរាល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។

ក្រៅពីនេះ លោក ហាក់ ម៉ុងហួត ឱ្យមន្រ្តីជំនាញផ្សព្វផ្សាយនិងជម្រាបជូនបងប្អូនប្រជាពលរដ្ឋយ៉ាងក្បោះក្បាយអំពីបញ្ហាផ្សេងៗ ជាពិសេសគឺ «វិធានការទប់ស្កាត់នូវបទល្មើសនេសាទ» ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ រួមមាន៖
ការអប់រំ និងណែនាំប្រជាពលរដ្ឋកុំឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងបំផ្លិចបំផ្លាញ (ដូចជា ឧបករណ៍ឆក់ ឬមុងក្រឡាញឹក)។
ការបំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរាយការណ៍ពីបទល្មើសនេសាទ ដើម្បីរួមគ្នាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

លោកអភិបាលស្រុក ក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារបង្កបង្កើនផល និងដំណាំរួមផ្សំផ្សេងៗរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ៕

ដោយ៖ សំនៀង

To Top