ក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យបញ្ឈប់ ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ត្រូវបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់នៅលើក្រវិលកំប៉ុង ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ត្រូវបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ យ្យអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ គ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។
ព្រមជាមួយគ្នានេះ ក្រសួងក៏បញ្ជាក់ដែរថា អនុញ្ញាតឱ្យមានការជំរុញនិងលើកទឹកចិត្តផ្នែក ពាណិជ្ជកម្មតាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម ដោយកំណត់មិនឱ្យលើសពី ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនត្រូវលើសពី ២៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ ចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី៦០ថ្ងៃ មុនថ្ងៃផុតកំណត់ ។
បន្ថែមពីលើនេះ អនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗជាទំនិញឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ដែលមានតម្លៃ មិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ៕
