ព័ត៌មានអន្តរជាតិ

តុលាការកំពូលអាមេរិក បដិសេធបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលបដិសេធសិទ្ធិសញ្ជាតិពីកំណើតដល់កូន របស់ជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ

វ៉ាស៊ីនតោន ៖ តុលាការកំពូលសហរដ្ឋអាមេរិក បានបដិសេធបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបដិសេធសិទ្ធិសញ្ជាតិ ពីកំណើតដល់កូនរបស់ជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ ឬអ្នកស្នាក់នៅបណ្ដោះអាសន្ន ដោយគាំទ្រសិទ្ធិសញ្ជាតិពីកំណើត។

យោងតាមមតិដែលថ្លែងដោយប្រធានចៅក្រម ចន រ៉ូប៊ឺតស៍ បានឲ្យដឹងថា “សញ្ជាតិនៅពេលនោះ និងឥឡូវនេះ គឺជាសិទ្ធិក្នុងការមានសិទ្ធិ ដើម្បីចូលរួមដោយសេរីនៅក្នុងសហគមន៍នយោបាយរបស់យើង។ អ្នករៀបចំច្បាប់វិសោធនកម្មទី១៤ បានពង្រីកការសន្យានោះដល់ មនុស្សគ្រប់រូបដែលកើតមកមានសេរីភាពនៅក្នុងទឹកដីនេ យើងរក្សាការសន្យានោះនៅថ្ងៃនេះ”។

ការបោះឆ្នោតគឺ ៦-៣ ដោយមានចៅក្រមអភិរក្សនិយមបីរូបចូលរួមជាមួយចៅក្រមសេរីនិយមទាំង ៣រូបដើម្បីបង្កើតជាសំឡេងភាគច្រើន។ វិសោធនកម្មទី១៤ ដែលត្រូវបានផ្តល់សច្ចាប័ននៅឆ្នាំ ១៨៦៨ គឺជាការឆ្លើយតបទៅនឹងបញ្ហាដែលប៉ះពាល់ដល់ទាសករ ដែលត្រូវបានដោះលែងបន្ទាប់ពីសង្គ្រាមស៊ីវិលសហរដ្ឋអាមេរិក ហើយមានបំណងធានាថា ជនជាតិស្បែកខ្មៅ រួមទាំងអតីតទាសករ មានសញ្ជាតិ។

ក្នុងនោះសរសេរថា “មនុស្សទាំងអស់ដែលកើត ឬទទួលបានសញ្ជាតិនៅសហរដ្ឋអាមេរិក និងស្ថិតនៅក្រោមយុត្តាធិការរបស់វា គឺជាពលរដ្ឋនៃសហរដ្ឋអាមេរិក និងរដ្ឋដែលពួកគេរស់នៅ”។ បទបញ្ជាប្រតិបត្តិស្តីពីសិទ្ធិពលរដ្ឋពីកំណើតត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ថ្ងៃស្បថចូលកាន់តំណែងអាណត្តិទីពីររបស់លោក។

បទបញ្ជាប្រតិបត្តិប្រកាសថាកុមារដែលកើតចេញពីបុគ្គលដែលមានវត្តមានខុសច្បាប់ ឬបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកមិនមែនជា “កម្មវត្ថុនៃយុត្តាធិការ” របស់សហរដ្ឋអាមេរិកនោះទេ ហើយដូច្នេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សញ្ជាតិក្រោមវិសោធនកម្មទី១៤ ឬច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិនោះទេ។

ឪពុកម្តាយជាច្រើនបានដាក់ពាក្យបណ្តឹង ខ្លះក្នុងនាមខ្លួនឯង និងអ្នកផ្សេងទៀតក្នុងនាមកូនៗរបស់ពួកគេ។ តុលាការជាន់ទាបជាច្រើនបានសម្រេចគាំទ្រដើមបណ្តឹង ហើយបទបញ្ជាប្រតិបត្តិមិនដែលចូលជាធរមានឡើយ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងសារមួយនៅលើបណ្ដាញសង្គម Truth Social របស់លោកកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់តុលាការកំពូលគឺ “អាក្រក់ពេក សម្រាប់ប្រទេសរបស់យើង”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top