Feature

ចាប់ខ្លួន អាក្របី ករណីលួចឆ្កែ ក្នុងមូលដ្ឋានស្រុកកោះញែក

មណ្ឌលគិរី៖ អាក្របី ជាឈ្មោះហៅក្រៅមួយរបស់ជនសង្ស័យម្នាក់ ដែលតែងនាំគូកនធ្វើសកម្មភាពលួច មិនរើស លួចទាំងអាគុយ ម៉ូទ័រ ឆ្កែមាន់ ជាដើម ដែលបង្ករអោយពលរដ្ឋក្នុងតំបន់ស្រុកកោះញែក សម្តែងក្តីមួរម៉ៅក្តៅក្រហាយ ហើយរហូតដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចឆ្កែ។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាលួចសកម្ម ក្រោយបើកការស្រាវជ្រាវលើករណីលួចឆ្កែរបស់ប្រជាពលរដ្ឋ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន និងកំពុងត្រូវបានសមត្ថកិច្ចបន្តស្វែងរក។

អធិការនគរបាលស្រុកកោះញែកលោក អេង ហាក់គ័ង ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១២៖២០នាទី នៅចំណុចទំនប់អូរយ៉េះ ស្ថិតក្នុងភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជនរងគ្រោះឈ្មោះ គឹម សារិន អាយុ ៤៧ឆ្នាំ បានដាក់ពាក្យបណ្ដឹង បន្ទាប់ពីមានជនសង្ស័យចូលលួចឆ្កែរបស់គាត់ចំនួន ២ក្បាល។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង និងដោយមានការណែនាំពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងជំនាញបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៣០នាទីរសៀល ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន ផារិទ្ធ ហៅ “ក្របី” អាយុ ១៦ឆ្នាំ និងបន្តឃាត់ខ្លួនឈ្មោះ នូ ប៊ុនណេង អាយុ ១៤ឆ្នាំ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេពិតជាបានចូលរួមធ្វើសកម្មភាពលួចឆ្កែរបស់ជនរងគ្រោះចំនួន ២ក្បាលមែន។ លើសពីនេះ ពួកគេក៏បានសារភាពថា ធ្លាប់ប្រព្រឹត្តសកម្មភាពលួចនៅក្នុងមូលដ្ឋានស្រុកកោះញែកសរុបចំនួន ៥លើក រួមមានការលួចមាន់ពីផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ លួចអាគុយរថយន្តមួយគ្រឿង និងលួចឆ្កែ ដែលសកម្មភាពទាំងនេះបានកើតឡើងចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៦។

ក្រោយបញ្ចប់ការសាកសួរ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ គិ បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន ហើយប្រសិនបើប្រទះឃើញសកម្មភាពគួរឱ្យសង្ស័យ សូមរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top