Feature

សម្តេចតេជោ ៖ គំរូថ្មី នៃទំនាក់ទំនង រវាងបក្សប្រជាជន និងបក្សកុម្មុយនីស្តចិន តាមរយៈការគោរពគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គំរូថ្មីនៃទំនាក់ទំនងនៃគណបក្សប្រជាជនកម្ពុជា (CPP) និងបក្សកុម្មុយនីស្តចិន (CPC)ស្តែងឡើង តាមរយៈការគោរពគ្នាទៅវិញទៅមក ។

ក្នុងសារលិខិតផ្ញើទៅលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដើម្បីអបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន សម្តេចតេជោ មានប្រសាសន៍ថា គំរូថ្មីនៃទំនាក់ទំនងរវាងគណបក្ស CPP និងគណបក្សរបស់ CPC នេះ តាមរយៈការបង្កើនការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេស គណបក្សនយោបាយ និងប្រជាជននានា ដើម្បីខិតខំស្វែងរកសន្តិភាពនិងវិបុលភាពពិភពលោក។

សម្តេចតេជោថា ក្រោមការដឹកនាំរបស់ CPC ចិន បាននិងកំពុងដើរតួនាទីស្ថាបនាកាន់តែខ្លាំងឡើង ក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចសន្ទនាក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ស្វាគមន៍ចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីរបស់ CPC។ គំនិតផ្តួចផ្តើមសកលរបស់លោក ស៊ី ជីនពីង រួមមាន ៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអារ្យធម៌សកល (GCI) បានឆ្លុះបញ្ចាំងពីការរួមចំណែកប្រកបដោយស្ថាបនារបស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងការជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

សម្តេចតេជោជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់ CPC ដែលមានលោក ស៊ី ជីនពីង ជាមេដឹកនាំស្នូល ចិន នឹងអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) ប្រកបដោយជោគជ័យ ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលដៅ១០០ឆ្នាំ ទីពីរនៃការកសាងប្រទេសសង្គមនិយមទំនើបមួយដែលមានវិបុលភាព ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា ត្រឹមឆ្នាំ២០៤៩៕

To Top