ព័ត៌មានអន្តរជាតិ

​ IMF កាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ច របស់អ៊ីស្រាអែល នៅឆ្នាំ ២០២៦ មកត្រឹម ៣,៥ ភាគរយ

យេរូសាឡឹម៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែលនៅឆ្នាំ ២០២៦ មកត្រឹម ៣,៥ ភាគរយ ដែលធ្លាក់ចុះពីការប៉ាន់ស្មាន ៤,៨ ភាគរយពីមុន។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃពុធ IMF បានឧ្យដឹងថា ភាពតានតឹងកើនឡើង និងការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចរបស់អ៊ីស្រាអែល។

IMF ក៏រំពឹងថា​ អតិផរណានឹងកើនឡើង ក្នុងរយៈពេលខ្លី ដែលជំរុញដោយការរឹតបន្តឹងការផ្គត់ផ្គង់ និងតម្លៃថាមពលសកលខ្ពស់ ទោះបីជាមានការពង្រឹងប្រាក់សេកែលថ្មីៗនេះក៏ដោយ។

ប្រភពបានបន្ថែមថា ទីផ្សារការងាររបស់អ៊ីស្រាអែល​ ក៏ស្ថិតនៅក្រោមសម្ពាធផងដែរ ដោយសារតែទាហានបម្រុងជាច្រើននៅតែបំពេញកាតព្វកិច្ចយោធា ហើយមានចំនួនកម្មករបរទេស និងប៉ាឡេស្ទីន​ តិចជាងមុន។

ដើម្បីគាំទ្រដល់កំណើនកាន់តែរឹងមាំ IMF បានជំរុញឱ្យអ៊ីស្រាអែល​ កាត់បន្ថយឱនភាពថវិកាតាមពេលវេលា បង្កើនផលិតភាពកម្មករ និងរក្សាគោលនយោបាយរូបិយវត្ថុ​ ដើម្បីរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង និងតម្លៃឱ្យមានស្ថេរភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top