សម្តេចតេជោ ៖ បក្សប្រជាជន និងបក្សបក្សកុម្មុយនីស្តវៀតណាម នឹងត្រូវពង្រឹង ឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម នឹងត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ ។
ក្នុងសារលិខិតផ្ញើជូនលោក តូ ឡឺមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីខួបកំណើត សម្តេចតេជោ មានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រជាជនទាំងពីរ នឹងត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមទិសស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ដ៏ធំធេងរបស់លោកតូ ឡឺម ចំពោះវឌ្ឍនភាព វិបុលភាព និងសុខដុមរមនារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជនវៀតណាម។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា ការរួមចំណែករបស់លោក មិនត្រឹមតែបានលើកកម្ពស់កិត្យានុភាព របស់ប្រទេសវៀតណាម នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្ស និងប្រជាជាតិ នៃប្រទេសទាំងពីរផងដែរ៕









