ឥណ្ឌូនេស៊ី រកឃើញសាកសពអ្នកបើកយន្តហោះអាមេរិកម្នាក់ ដែលត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមនៅប៉ាពួ
ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ី បានរកឃើញ និងជម្លៀសសាកសពអ្នកបើកយន្តហោះអាមេរិកម្នាក់ គឺលោក Nicholas F. Goselin ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលសង្ស័យថា យន្តហោះរបស់លោកត្រូវបានដុតនៅក្នុងតំបន់ភាគខាងកើតបំផុតនៃតំបន់ប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ី។
ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងភូមិមួយក្នុងតំបន់ Yahukimo នៃខេត្ត Highland Papua កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមអ្នកនាំពាក្យយោធានៅខេត្ដប៉ាពួ ការវាយប្រហារ និងការដុតយន្តហោះនេះត្រូវបានគេចោទប្រកាន់ថា បានធ្វើឡើងដោយក្រុមបំបែកខ្លួនប្រដាប់អាវុធ។
យន្តហោះនេះជាកម្មសិទ្ធិរបស់ប្រតិបត្តិករអាកាសចរណ៍ PT AMA ដែលយន្តហោះរបស់ពួកគេដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងសំបុត្រទៅកាន់ភូមិដាច់ស្រយាលនៅប៉ាពួ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។
យោធាបានឧ្យដឹងថា ប្រតិបត្តិការដេញតាមកំពុងបន្ត ហើយសន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញតំបន់នោះ ដើម្បីការពារការវាយប្រហារបន្ថែមទៀត។
អាជ្ញាធរមិនបានបង្ហាញពីចំនួនជនសង្ស័យ អាវុធដែលប្រើ ឬស្ថានភាពរបស់អ្នកដំណើរដែលត្រូវបានរាយការណ៍ពីមុនថានៅលើយន្តហោះនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា









