លោក ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បង ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់ចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាល នៃព័ត៌មានមិនពិត (Fake News) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សង្គម។
ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមដែលមានសិស្សានុសិស្ស ប្រមាណជាង១,០០០នាក់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងយុគសម័យនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័សនេះ ការទទួលទានព័ត៌មាន តាមរយៈបណ្តាញសង្គមមានភាពងាយស្រួល ប៉ុន្តែក៏បង្កជាហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ ខ្វះការប្រុងប្រយ័ត្ន។
ឯកឧត្តម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយលោកបានប្រៀបប្រដូច កិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូលដោយសារតែមេរោគព័ត៌មានក្លែងក្លាយ។
លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថាយុទ្ធនាការជំហានទី២នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានា ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថល ជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយ នៃព័ត៌មានក្លែងក្លាយ។
យុទ្ធនាការជំហានទី២នេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការទប់ទល់នឹងការផ្សព្វផ្សាយបែបបំពុល បំផ្លើស និងបំភ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយទៅជា «ភ្នាក់ងារសន្តិសុខឌីជីថល» ដ៏សកម្ម ក្នុងការផ្សព្វផ្សាយបន្តនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ និងរួមចំណែកកសាងបរិយាកាសព័ត៌មាន ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តនៅក្នុងសង្គមជាតិទាំងមូលផងដែរ។
នាឱកាសនោះដែរ សិស្សានុសិស្សនៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង និងមន្ទីរព័ត៌មាន ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានសហការរៀបចំយុទ្ធនាការ ដ៏មានសារៈសំខាន់នេះឡើង ដែលបានផ្តល់ឱកាស ដល់សិស្សានុសិស្សទទួលបានចំណេះដឹងអំពីរបៀប នៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ព្រមទាំងយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការបង្ការ ទប់ស្កាត់ និងចូលរួមប្រឆាំងនឹងព័ត៌មានមិនពិត (Fake News) នៅក្នុងយុគសម័យឌីជីថល។
សូមបញ្ជាក់ថា ចាប់ផ្តើមពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងបន្តទៅបណ្តាខេត្តនានា នៅទូទាំងប្រទេសជាបន្តបន្ទាប់ យុទ្ធនាការជំហានទី២ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើនភាពស៊ាំរបស់ស្រទាប់យុវវ័យប្រឆាំងនឹងព័ត៌មានមិនពិត។ សកម្មភាពដ៏ផុលផុសនៅតាមបណ្តាវិទ្យាល័យនាពេលនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយក្រសួងព័ត៌មាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ក្នុងការកសាងខែល «សុវត្ថិភាពព័ត៌មាន» ដ៏រឹងមាំនៅក្នុងសង្គមកម្ពុជា៕
































