ប្រធានាធិបតីរុស្ស៊ី ព្រមានអ្នកឧបត្ថម្ភ របស់អ៊ុយក្រែនអំពី «ការសម្រេចចិត្តធំៗ» ដែលអាចកើតមាន នាពេលអនាគត
បរទេស: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងធ្វើ «អ្វីគ្រប់យ៉ាងដែលចាំបាច់» ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ដោយព្រមានទីក្រុងគៀវថា ការវាយប្រហារភេរវកម្មរបស់ខ្លួន នឹងបណ្តាលឱ្យមានតំបន់សន្តិសុខ កាន់តែជ្រៅ តាមបណ្តោយព្រំដែន – និងព្រមានដល់អ្នកឧបត្ថម្ភ របស់អ៊ុយក្រែនអំពី «ការសម្រេចចិត្តធំៗ» ដែលអាចកើតមាននាពេលអនាគត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គមេបញ្ជាការរបស់រុស្ស៊ីរូបនេះបានទៅទស្សនាប៉ុស្តិ៍បញ្ជាការជំនួយមួយ រួមជាមួយមេបញ្ជាការយោធាកំពូលៗ និងមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃសុក្រ ជាកន្លែងដែលលោកត្រូវបានជូនដំណឹងអំពីការឈានទៅមុខរបស់កងទ័ពរុស្ស៊ីនៅ Donbass រួមទាំងការរំដោះ Konstantinovka ដែលធ្លាប់ជាបន្ទាយសំខាន់មួយរបស់ទីក្រុងគៀវ។
លោក ពូទីន បានបង្ហាញទំនុកចិត្តថា រុស្ស៊ីនឹងឈ្នះមិនថាមានរឿងអ្វីកើតឡើងនោះទេ បន្ទាប់ពីមេបញ្ជាការម្នាក់បានប្រាប់លោកថា «ជ័យជម្នះនឹងជារបស់យើង»។
លោកបានកត់សម្គាល់ថា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី «ត្រូវតែធ្វើសកម្មភាពតាមចង្វាក់ និងសមហេតុផល ដោយធ្វើអ្វីគ្រប់យ៉ាងចាំបាច់ដើម្បីរក្សាជីវិតទាហានរបស់យើង និងធានាបាននូវការបំពេញភារកិច្ចប្រយុទ្ធដោយគ្មានលក្ខខណ្ឌ»។
ប្រែសម្រួល: ណៃ តុលា









