អ៊ីរ៉ង់ ព្រមានថា ច្រកសមុទ្រហ័រមូស មិនមែនជារោងល្ខោន សម្រាប់ការបង្ហាញយោធារបស់មហាអំណាចឆ្លងតំបន់នោះទេ
តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានថា ច្រកសមុទ្រហ័រមូស មិនមែនជា “រោងល្ខោន” សម្រាប់ការបង្ហាញយោធារបស់មហាអំណាចឆ្លងតំបន់នោះទេ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា “អ៊ីរ៉ង់ ក្នុងនាមជាអាជ្ញាធរទទួលខុសត្រូវ និងជាអ្នកធានាសន្តិសុខនៅក្នុងច្រកសមុទ្រ ព្រមានប្រឆាំងនឹងចលនាយោធាណាមួយនៅក្នុងផ្លូវទឹកដ៏រសើបនេះ”។
លោកបានលេីកឡេីងថា “សន្តិសុខនៃច្រកសមុទ្រ គឺជាការទទួលខុសត្រូវតែមួយគត់របស់អ៊ីរ៉ង់ និងអូម៉ង់” ដោយបដិសេធសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រដោយនាយករដ្ឋមន្ត្រីអង់គ្លេស ដែលចេញពីតំណែង លោក Keir Starmer និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ លោក Starmer និងលោក ម៉ាក្រុង បានពិពណ៌នាអំពីផ្លូវទឹកនេះថាជា “សរសៃឈាមដ៏សំខាន់” សម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបន្ថែមថា “ការស្តារការដឹកជញ្ជូនដោយសុវត្ថិភាពសម្រាប់កប៉ាល់នៃប្រទេសទាំងអស់ឆ្លងកាត់ច្រកសមុទ្រ គឺជាបញ្ហានៃការព្រួយបារម្ភជាសកល”។
មេដឹកនាំទាំងពីរបានឧ្យដឹងថា អូម៉ង់ បានយល់ព្រមធ្វើការជាមួយចក្រភពអង់គ្លេស និងបារាំង ដើម្បីធានាថា «ដែនទឹកអធិបតេយ្យភាពរបស់ខ្លួនមានសុវត្ថិភាព សម្រាប់ការធ្វើនាវាចរណ៍» ដោយសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស និងបារាំង ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយបេសកកម្មយោធាពហុជាតិដ៏ធំទូលាយមួយ ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រនេះផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា









