លោក ឃួន ផុនរតនៈ ប្តេជ្ញាធ្វើការជា មួយមជ្ឈមណ្ឌលគាំពារ ជនបរទេសក្វាងជូ ការពារពលករខ្មែរ
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ នៅតំបន់ក្វាងជូធំ ខេត្ត Jeollanam-do ដើម្បីលើកកម្ពស់ និងការពារសិទ្ធិពលករខ្មែរ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក SHIN Gyonggu នាយកប្រតិបត្តិមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកនាយកនិងមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូដែលបានយកចិត្តទុកដាក់ ផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍ខ្មែរនៅតំបន់ក្វាងជូធំ នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកអគ្គរាជទូតបញ្ជាក់ថា ស្ថានទូតនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់សុខុមាលភាព ការពារផលប្រយោជន៍រួម និងបង្កើតឱកាសកាន់តែប្រសើរសម្រាប់សហគមន៍ខ្មែរ ដែលកំពុងរស់នៅ សិក្សា និងបំពេញការងារនៅតំបន់ក្វាងជូធំ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ លើវិស័យអប់រំ វប្បធម៌ កីឡា ការអភិវឌ្ឍសហគមន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សំដៅបង្កើនការយល់ដឹងទៅវិញទៅមក ក្នុងន័យពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ជំនួបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងរួមចំណែកពង្រឹងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕















