Feature

សម្តេចតេជោ ៖ អាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយជម្លោះដីធ្លី ឱ្យពលរដ្ឋឆាប់រហ័ស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។

ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ ។

សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពលើការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន និងត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់នោះទេ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ពិសេសតំបន់ការពារព្រៃឡង់ ក្នុងខេត្តទាំង៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស៕

To Top