Feature

បុរសម្នាក់ ជិះយានកែច្នៃនៅលើផ្លូវសាធារណៈ ក្នុងខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ

ភ្នំពេញ ៖ បុរសម្នាក់ ជិះយានកែច្នៃនៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការជិះយានកែច្នៃ នៅលើផ្លូវសាធារណៈចាប់ពីពេលនេះតទៅ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ថា «បុរសម្នាក់ឈ្មោះសួន ស្រស់ អាយុ ៣៥ឆ្នាំជាជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ថ្មីៗនេះបានជិះប្រភេទយានកែច្នៃ នៅលើផ្លូវសាធារណៈ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ដែលមានការថតបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ហើយនាំឲ្យរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមជាខ្លាំង ដែលគេមើលឃើញថា អាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់អ្នកដទៃ និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងផ្ទាល់ ខណៈដែលមានការធ្វើដំណើរដោយមធ្យោបាយយ៉ាងមមាញឹក នៅលើកំណាត់ផ្លូវជាតិលេខ២»។

បុរសខាងលើ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក អញ្ជើញឲ្យចូលមក ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការជិះយានកែច្នៃ នៅលើផ្លូវសាធារណៈចាប់ពីពេលនេះតទៅ ។

បន្ទាប់មកបុរសខាងលើបានទទួលសារភាពកំហុស និងបានចេញវីដេអូសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

To Top