រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេសខ្មែរ ធ្វើបទបង្ហាញដល់ប្រធាន-តំណាង បេសកកម្មការទូត៤២ ពីការវិវត្តថ្មីៗពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជាពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។

លោកស្រីគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាពគ្នា ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេស ទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ ដែលប្រជាពលរដ្ឋរស់នៅ។ ការបន្តការងារ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាត ឱ្យប្រជាជនរាប់ម៉ឺននាក់ ដែលនៅសេសសល់អាចត្រឡប់ ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបាន ឯកភាពគ្នា ។
លោកស្រីបន្តថា ប៉ុន្តែ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក មិនមានការបង្ហាញណាមួយ បញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនោះទេ ព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ ៕









