កម្ពុជា-ឡាវ បង្ហាញការប្តេជ្ញាចិត្ត ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម
ភ្នំពេញ ៖ កម្ពុជា និងឡាវ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME)។ នេះបើតាមជំនួបសម្តែងការគួរសមរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការកសាងធនធានមនុស្ស ព្រមទាំងការពង្រឹងការតភ្ជាប់ក្នុងតំបន់។
លោក ឯកអគ្គរដ្ឋទូត បានរំលេចអំពីសក្តានុពលនូវខ្សែរថភ្លើងល្បឿនលឿន ឡាវ-ចិន និងការកែលម្អការតភ្ជាប់ផ្លូវដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលអាចជួយសម្រួលពាណិជ្ជកម្ម កាត់បន្ថយរយៈពេលដឹកជញ្ជូនផលិតផលកសិកម្ម និងជំរុញវិស័យទេសចរណ៍ ព្រមទាំងការតភ្ជាប់ប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា ឡាវ និងចិន។
លោក ហែម វណ្ណឌី បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងរបស់ឯកឧត្តម Sonexay Vannaxay ។ លោក រដ្ឋមន្ត្រី បានលើកឡើងថា «សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់។ តាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ ការចែករំលែកចំណេះដឹង និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ស្តង់ដា និងនវានុវត្តន៍ កម្ពុជា និងឡាវអាចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាជនរបស់យើង»។
លោក Vannaxay បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអាណត្តិការងាររបស់លោក ថា «ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីធ្វើជាស្ពានភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចសហការជិតស្និទ្ធ យើងអាចនាំយកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជូនដល់ប្រជាជននៃប្រទេសទាំងពីរ»។
ភាគីទាំងពីរ ក៏បានឯកភាពជំរុញការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ លើកកម្ពស់ការបណ្តុះបណ្តាលរួមគ្នា និងចែករំលែកចំណេះដឹង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអាស៊ាន និងយន្តការតំបន់ដែលពាក់ព័ន្ធ៕









