Feature

ផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សាងសង់រួចរាល់ហើយ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ ជុំ​ វីរៈ​ អភិបាល​រង​ស្រុក​សន្ទុក​ បានដឹកនាំសហការីទៅត្រួតពិនិត្យផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សាងសង់ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈ នៅក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនេះនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ បានសាងសង់ផ្ទះ និងបានផ្ដល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំបានចំនួន ២០៦ គ្រួសាររួចមកហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

សរុបមកដល់ពេលនេះ ផ្ទះចំនួន ២៤១ ខ្នងរួចមកហើយ ដែលបានសាងសង់ជូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ ផ្ទះថ្មីដែលទើបសាងសង់រួចចំនួន ៣៥ ខ្នងនេះ និងធ្វើការចាប់ឆ្នោតផ្តល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះនៅពេលខាងមុខនេះ ។ ហើយបច្ចុប្បន្នគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានចុះធ្វើអធិការកិច្ចចំពោះក្រុមគ្រួសារអតីតយុទ្ធជន ដែលបានស្នើសុំ ដើម្បីឲ្យមានសុក្រិដ្ឋភាព និងដោះស្រាយបានចំគោលដៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឲ្យបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ជួយដោះស្រាយនៅរាល់ការលំបាកជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ ៕

ដោយ៖ សំនៀង

To Top