ចរាចរណ៍របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំង ដោយសារការវាយប្រហារគ្នារវាងអាមេរិក និងអ៊ីរ៉ង់
បរទេស៖ យោងតាមទិន្នន័យ និងប្រភពព័ត៌មាន គឺថា ចរាចរណ៍របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំងនៅថ្ងៃព្រហស្បតិ៍ ខណៈដែលហានិភ័យនៃការដឹកជញ្ជូនបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ដែលបង្កឱ្យមានការសងសឹកដោយទីក្រុងតេអេរ៉ង់នៅក្នុងឈូងសមុទ្រ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា មាននាវាដឹកប្រេងតែពីរគ្រឿងប៉ុណ្ណោះដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ នាវាទាំងនោះរួមមាននាវាដឹកប្រេងឆៅ Berg 1 ដែលបានផ្ទុកនៅកោះ Kharg របស់អ៊ីរ៉ង់ ហើយត្រូវទទួលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការវិភាគពី Kpler។
ការវិភាគរបស់ Kpler បានបង្ហាញថា នាវាដឹកប្រេងគីមី Well Sail ដែលមានទង់ជាតិកោះ Marshall ក៏បានឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។ គោលដៅផ្ទុកពីមុនរបស់នាវាគឺនៅជិត Sharjah ក្នុងប្រទេសអារ៉ាប់រួម នេះបើយោងតាមទិន្នន័យតាមដាននាវា LSEG។
ប្រភពឧស្សាហកម្មដឹកជញ្ជូនបាននិយាយថា នាវាកំពុងបិទឧបករណ៍ចាប់សញ្ញាតាមដាន AIS សាធារណៈរបស់ពួកគេកាន់តែខ្លាំងឡើង ដែលធ្វើឱ្យវាកាន់តែពិបាកក្នុងការមើលឃើញនាវាទាំងអស់ឆ្លងកាត់។
ប្រែសម្រួលៈ ណៃ តុលា










