Feature

ភ្ញៀវទេសចរឥណ្ឌា១៥នាក់ស្លាប់ ដោយសារលិចទូកល្បឿនលឿននៅកោះភូគុក ប្រទេសវៀតណាម

បរទេស៖ វៀតណាមសូមចូលរួមរំលែកទុក្ខជាមួយប្រទេសឥណ្ឌាចំពោះឧប្បត្តិហេតុលិចទូកល្បឿនលឿននៅកោះភូគុក ក្នុងប្រទេសវៀតណាម។ មេដឹកនាំវៀតណាមបានផ្ញើសាររំលែកទុក្ខទៅកាន់មេដឹកនាំឥណ្ឌាបន្ទាប់ពីឧប្បត្តិហេតុលិចទូកនៅកោះភូគុកដែលបានសម្លាប់ពលរដ្ឋឥណ្ឌាចំនួន ១៥ នាក់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ថា បន្ទាប់ពីបានដឹងពីគ្រោះថ្នាក់ទូកទេសចរណ៍ដែលបណ្តាលមកពីអាកាសធាតុអាក្រក់នៅខេត្តអានយ៉ាងកាលពីថ្ងៃទី ១១ ខែកក្កដា ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើនក្នុងចំណោមភ្ញៀវទេសចរឥណ្ឌា អគ្គលេខាធិការ និងជាប្រធានាធិបតីវៀតណាម លោក តូ ឡាំ និងនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ហ៊ុង បានផ្ញើសាររំលែកទុក្ខទៅកាន់ប្រធានាធិបតីឥណ្ឌាលោក ឌ្រូប៉ាឌី មួរមូ និងនាយករដ្ឋមន្ត្រីលោក ណារិនដ្រា ម៉ូឌី។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃនេះ។
សូមជម្រាបថា ទូកល្បឿនលឿនមួយគ្រឿងដែលដឹកភ្ញៀវទេសចរឥណ្ឌាចំនួន ៣២ នាក់ និងសមាជិកនាវិក/មគ្គុទ្ទេសក៍ចំនួន ៤ នាក់បានលិចនៅជិតកោះហុនម៉ៃរូតង៉យ ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះភូគុក កាលពីថ្ងៃទី ១១ ខែកក្កដា។ មនុស្ស ២១ នាក់នៅលើទូកត្រូវបានជួយសង្គ្រោះ ខណៈដែល ១៥ នាក់បានស្លាប់ ដែលសុទ្ធតែជាពលរដ្ឋឥណ្ឌា។

មន្ទីរពេទ្យ Phu Quoc Sun បានរាយការណ៍ថាបានទទួលជនរងគ្រោះចំនួន ២៣ នាក់ ដែលក្នុងនោះ ៦ នាក់បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ។

ប្រែសម្រួល: ណៃ តុលា

To Top