ប្រធានាធិបតីម៉ិកស៊ិក ជំរុញឱ្យទីភ្នាក់ងារសន្តិសុខអាមេរិក កុំធ្វើសកម្មភាពឯកតោភាគី
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានជំរុញឱ្យរដ្ឋាភិបាលអាមេរិក និងទីភ្នាក់ងារសន្តិសុខរបស់ខ្លួនកុំធ្វើសកម្មភាពឯកតោភាគីលើទឹកដីម៉ិកស៊ិក ដោយថាសកម្មភាពបែបនេះត្រូវបានគេមើលឃើញថាជា “ការជ្រៀតជ្រែក” និងអាចជំរុញអំពើហិង្សា។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានឧ្យដឹងថា អន្តរាគមន៍ឯកតោភាគី ដូចជាការផ្ទេរមេក្លោងគ្រឿងញៀនម៉ិកស៊ិក Ismael ‘El Mayo’ Zambada ទៅកាន់សហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ២០២៤ បានបង្កឱ្យមានការបែកបាក់ផ្ទៃក្នុងនៅក្នុងក្រុម Sinaloa Cartel និងអំពើហិង្សាកើនឡើងនៅក្នុងប្រទេសម៉ិកស៊ិក។
លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងពីរ និងការជៀសវាងកិច្ចព្រមព្រៀងជាមួយក្រុមឧក្រិដ្ឋជន។
លោកស្រី Sheinbaum បានឧ្យដឹងថា “វាជាការប្រសើរក្នុងការសម្របសម្រួល វាជាការប្រសើរក្នុងការសហការ ពីព្រោះលទ្ធផលតែងតែល្អជាងនៅពេលដែលយើងធ្វើការជាមួយគ្នាជាងនៅពេលដែលសកម្មភាពត្រូវបានធ្វើឡើងឯកតោភាគី” ដោយបដិសេធកតិកាសញ្ញាណាមួយជាមួយក្រុមឧក្រិដ្ឋជនដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកដទៃ៕
ប្រែសម្រួល ឈូក បូរ៉ា









