ព័ត៌មានជាតិ

FBI ស៊ើបអង្កេត លើសមាគមបាល់ទាត់ អាហ្សង់ទីន ពីបទលាងលុយកខ្វក់ នៅសហរដ្ឋអាមេរិក

បរទេស៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក គឺការចាប់អារម្មណ៍ទាំងអស់ នឹងស្ថិតនៅលើកីឡាករ Lionel Messi និងការប៉ុនប៉ងរបស់គាត់ ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ម្តងទៀត។ ជាការប្រាកដណាស់ ការចាប់អារម្មណ៍គឺស្ទើរតែទាំងអស់ ហើយក៏មានរឿងរ៉ាវ ក្រៅទីលានមួយ កំពុងកើតឡើង នៅខាងក្រៅអេក្រង់ផងដែរ ដោយសមាគមបាល់ទាត់អាហ្សង់ទីន គឺត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយការិយាល័យស៊ើបអង្កេត សហព័ន្ធ ឬ FBI ពីបទចោទប្រកាន់ពីបទលាងលុយកខ្វក់ និងការក្លែងបន្លំ នៅសហរដ្ឋអាមេរិក។

យោងតាមសារព៏ត៌មាន CBS Sport ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ថា ការស៊ើបអង្កេតបានចាប់ផ្តើមនៅឆ្នាំ ២០២៥ មុនពេលពង្រីកនៅឆ្នាំ ២០២៦ បន្ទាប់ពីការជូនដំណឹ ងពីក្រសួងសន្តិសុខអាហ្សង់ទីន។ បច្ចុប្បន្ននេះ ការស៊ើបអង្កេតនេះ ស្ថិតក្នុងដំណាក់កាលបឋម ហើយគ្មាននរណាម្នាក់ ត្រូវបានចោទប្រកាន់ ជាផ្លូវការពីបទប្រព្រឹត្តខុសណាមួយឡើយ។ លើសពីនេះ គ្មានលទ្ធផលណាមួយនៃរឿងនេះ នឹងមានផលប៉ះពាល់ ដល់ការប្រណាំង យកពានរង្វាន់បាល់ទាត់ពិភពលោក បច្ចុប្បន្នសម្រាប់អាហ្សង់ទីននោះទេ។ ប៉ុន្តែអ្វីដែលយើងដឹងគឺថា សកម្មភាពរបស់អាហ្សង់ទីន នៅអាមេរិក កំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត។

អ្វីដែលកំពុងត្រូវ បានពិនិត្យគឺសកម្មភាព របស់អាហ្សង់ទីន នៅ Miami និងយ៉ាងហោចណាស់ទឹកប្រាក់ ២៦០ លានដុល្លារដែលបានឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក និងអ្វីដែលវាត្រូវបានប្រើប្រាស់សម្រាប់, នេះបើយោងតាមកាសែតអាហ្សង់ទីន La Nacion។ យោងតាមរបាយការណ៍ដដែល ក៏មានការផ្ទេរប្រាក់បន្ថែមចំនួន ៥៧ លានដុល្លារផងដែរ ដែលមិនមានគោលបំណងច្បាស់លាស់ ដែលបន្ថែមថា FBI បានសួរចម្លើយលោក Guillermo Tofani ដែលជាអ្នកជំនួញកីឡាអាហ្សង់ទីន។ កាសែត La Nacion បានអះអាងថា ខ្លួនអាចទទួលបានឯកសារធនាគារ ដែលបង្ហាញថា ប្រាក់រាប់រយលានដុល្លារ ត្រូវបានផ្ទេរតាមរយៈធនាគារ Citibank, Synovus, Bank of America, JP Morgan និង PNC Bank ប៉ុន្តែមានតែផ្នែកមួយ នៃមូលនិធិទាំងនោះប៉ុណ្ណោះ ដែលអាចតាមដានការចំណាយ ប្រតិបត្តិការបាន។

តើពួកគេកំពុងព្យាយាម ស្វែងយល់អ្វីខ្លះ?

គោលដៅគឺស្វែងយល់ ពីទំនាក់ទំនងរវាង (សមាគមបាល់ទាត់អាហ្សង់ទីន) AFA និង TourProdEnter LLC ដែលជាក្រុមហ៊ុនមួយ ដែលបានដោះស្រាយកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសអាហ្សង់ទីន ជាមួយអ្នកឧបត្ថម្ភ។ ក្រុមហ៊ុននោះ ជាកម្មសិទ្ធិរបស់អ្នកផលិត Javier Faroni ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ដោយព្រះរាជអាជ្ញាសហព័ន្ធ យ៉ាងហោចណាស់បីរូប។

ហេតុផល ដែលរដ្ឋអាជ្ញាអាមេរិក អាចមានយុត្តាធិការនៅទីនេះ គឺដោយសារតែផ្លូវលុយ។ ដោយសារតែការទូទាត់ប្រាក់ ឧបត្ថម្ភអន្តរជាតិ និងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានចោទប្រកាន់ថា បានផ្លាស់ប្តូរតាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជី នៅសហរដ្ឋអាមេរិក និងប្រព័ន្ធធនាគារអាមេរិក រដ្ឋអាជ្ញាសហព័ន្ធ អាចមានយុត្តាធិការលើប្រតិបត្តិការ ដែលបានកើតឡើង នៅខាងក្រៅប្រទេសអាហ្សង់ទីន ប្រសិនបើពួកគេពាក់ព័ន្ធ នឹងស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ នោះគឺជាក្របខ័ណ្ឌច្បាប់ ដូចគ្នាដែលអាជ្ញាធរសហព័ន្ធបានប្រើក្នុងការចោទប្រកាន់ ពីបទសូកប៉ាន់របស់ FIFA ឆ្នាំ ២០២៥ ដ៏សំខាន់ ដែលជាករណីដែលបានបំផ្ទុះភាពជាអ្នកដឹកនាំរបស់ FIFA និងបានផ្លាស់ប្តូររបៀប ដែលហិរញ្ញវត្ថុរបស់កីឡា ត្រូវបានត្រួតពិនិត្យនៅទូទាំងពិភពលោក។

ប្រែសម្រួលៈ ណៃ តុលា

To Top