ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Bavi ដែលជាព្យុះ ដ៏មានឥទ្ធិពលបំផុត បោកបក់ លើភាគខាងកើតប្រទេសចិន ព្រមទាំងគំរាមកំហែង បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ

បរទេស ៖ ព្យុះទីហ្វុង Bavi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុត ដែលបានវាយប្រហារលើចិនដីគោកក្នុងឆ្នាំនេះ បាននាំមកនូវភ្លៀង ធ្លាក់យ៉ាងខ្លាំងដល់ឆ្នេរសមុទ្រ ភាគខាងកើតនៅថ្ងៃអាទិត្យ និងបានបោកបក់លើទីក្រុងនានា ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាប់ ដោយខ្យល់បក់បោកយ៉ាងខ្លាំងក្លា ដែលជាការសាកល្បងសមត្ថភាពរបស់ប្រទេសចិន ក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ថា ព្យុះ Bavi បានថយឥទ្ធិពលមកជាព្យុះស៊ីក្លូនត្រូពិកកាលពីព្រឹកថ្ងៃអាទិត្យ ខណៈពេលដែលវាបានបោកបក់ចូលជ្រៅទៅក្នុងដីគោក ប៉ុន្តែអ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ប្រព័ន្ធព្យុះដែលមានទំហំប៉ុនប្រទេសបារាំងនេះ អាចបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ និងអូសបន្លាយពេលយូរនៅទូទាំងប្រទេសចិនភាគខាងកើត និងភាគខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

មនុស្សជាង ២,៨ លាននាក់ត្រូវបានជម្លៀសចេញ នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ផ្អែកលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ក្នុងចំណោមអ្នកជម្លៀសទាំងនោះ មនុស្សជាង ២,២ លាននាក់ស្ថិតនៅក្នុងខេត្តសេជាំង (Zhejiang) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោក។

គិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការណាមួយអំពីអ្នកស្លាប់ ឬរបួសនោះទេ។
ប្រែសម្រួលៈ ណៃ តុលា

To Top