ព័ត៌មានអន្តរជាតិ

វៀតណាម និងប្រេស៊ីល ស្វែងរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ចំពេលទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤,២២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦

បរទេស៖ ប្រទេសវៀតណាម និងប្រទេសប្រេស៊ីល កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ខណៈដែលបណ្តាអាជីវកម្ម សមាគមឧស្សាហកម្ម និងអ្នករៀបចំគោលនយោបាយនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ៩ ខែកក្កដា បានស្វែងរកឱកាសទីផ្សារថ្មីៗ និងមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងសិក្ខាសាលាផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសតំបន់អាមេរិកឡាទីនមួយនេះ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ថា សិក្ខាសាលានេះរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល ដោយបានប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល សមាគមអ្នកនាំចេញ និងផលិតផលជលផលវៀតណាម (VASEP) សមាគមលើកកម្ពស់វារីវប្បកម្មប្រេស៊ីល (ABRAPES) សមាគមឧស្សាហកម្ម អាជីវកម្ម អ្នកជំនាញ អ្នកស្រាវជ្រាវ និងដៃគូនានាមកពីប្រទេសទាំងពីរ។ កម្មវិធីនេះបានផ្តល់នូវព័ត៌មានថ្មីៗអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងបានពិភាក្សាអំពីឱកាសទីផ្សារផងដែរ។

នៅក្នុងការថ្លែងទៅកាន់អង្គពិធី លោក Bùi Văn Nghị ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល បានជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៤,២២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ ដែលបានកើនឡើង ១៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់ប្រេស៊ីលទៅកាន់វៀតណាមមានទំហំលើសពី ២ ពាន់លានដុល្លារ ដោយកើនឡើង ១៦,៦ ភាគរយ ខណៈដែលការនាំចូលរបស់ខ្លួនពីវៀតណាមមានចំនួនសរុបប្រហែល ២,១១ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៧ ភាគរយ។

លោកបានមានប្រសាសន៍ថា ប្រទេសប្រេស៊ីលនៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃផលិតផលកសិកម្ម វត្ថុធាតុដើម និងទំនិញយុទ្ធសាស្ត្រមកកាន់ប្រទេសវៀតណាម រួមមានសណ្តែកសៀង ពោត សំឡី សាច់ ម្សៅឈើ (សម្រាប់ធ្វើក្រដាស) រ៉ែ និងសារធាតុរ៉ែ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមនាំចេញទូរស័ព្ទចល័ត និងគ្រឿងបន្លាស់ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក គ្រឿងចក្រ សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង ផលិតផលឈើ គ្រឿងសមុទ្រ និងអាហារកែច្នៃ ទៅកាន់ទីផ្សារប្រេស៊ីល។
ប្រែសម្រួលៈ ណៃ តុលា

To Top