ព័ត៌មានជាតិ

ទូតអាល្លឺម៉ង់ចប់អាណត្តិ ៖ កម្ពុជា គឺជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាព

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈលោកទូត ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាព។

ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។

លោក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅ ចំពោះរូបឯកឧត្តម ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ បន្ថែមលើនេះ, លោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រេីន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ, លោក បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

លោក ឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,និងជាពិសេស វិស័យទេសចរណ៍ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាល, និងមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនឹងបន្តរីកចម្រេីន និង កាន់តែស្អិតរមួតបន្ថែមទៀត។ 

សម្តេចធិបតី ក៏បានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្តភាពជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន នៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ នៅមានសក្តានុពលជាច្រេីន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ 

សម្តេចធិបតី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីគោលនយោបាយ និងវិធានការគន្លឹះៗរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការរីកចម្រើនលើវិស័យនេះ ជាពិសេសការជំរុញការកែច្នៃផលិតផលកសិកម្មយុទ្ធសាស្ត្រ រួមមានគ្រាប់ស្វាយចន្ទី និងស្រូវ អង្ករ របស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

To Top